ព័ត៌មានជាតិ

ឯ.ឧ ហ៊ុន ម៉ានី៖ សមាជិកថ្មីនៃវិស័យព័ត៌មានទាំងអស់ត្រូវបន្តការងារសង្គម ជាមួយ ស.ស.យ.ក ដើម្បីជម្រុញការងារ អភិវឌ្ឍន៍យុវជននិងប្រទេសជាតិ

image

ភ្នំពេញ៖ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  រួមទាំងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យ ព័ត៌មាន នៃក្រសួង ព័ត៌មាន។

នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុយ វណ្ណៈ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៏សហភាពសហព័ន្ធយុវជនកម្ពុជា បានអានសេចក្តីសម្រេចថ្មីជូនប្រធានក្រុមការ ងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន ដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  និងជាប្រធានគណៈកម្មការទី៧រដ្ឋសភា។

សមាសភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន ដឹកនាំដោយ ងឿន ច័ន្ទលីន ប៉ូឡែន និងមានសមាជិកសមាជិកា ចំនួន១៩៦នាក់ នៅក្រសួង ព័ត៌មាន។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម តូច ណារ័ត្ន អនុប្រធានអចិន្ត្រៃយ៏សហភាព សហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន មានប្រសាសន៏បញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មានកន្លងមកបានចូលរួមសកម្មភាពនានាជា ច្រើន និងបានចូលរួមក្នុងព្រឹត្តិការណ៏ធំៗ

ជាប្រវត្តិសាស្ត្ររបស់ជាតិ ព្រមទាំងចូលរួមការងារមនុស្សធម៌ ការងារសង្គម ការចូលរួមលើកតម្កើងវប្បធម៌ ប្រពៃណី និងសាសនា សកម្មភាពកីឡាអន្តរក្រសួង និងពង្រឹងចំណងសាមគ្គីភាពផ្ទៃក្នុង ក៏ដូច ជា ជាមួយស្ថាប័នជាតិ និងអន្តរជាតិ, ចូលរួមការគាំពារបរិស្ថាន ជួយដល់សមាជិក ដែមានការលំបាក មានបញ្ហាសុខភាពធ្ងន់ធ្ងរ សមាជិកជាស្ត្រីពេលសម្រាលទារក។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងជាប្រធានគណៈកម្មការ ទី៧នៃរដ្ឋសភា  បានចែក រំលែកនូវគំនិត ដល់សមាជិកសមាជិកាថ្មីវិស័យព័ត៌មាន ទាំង១៩៦នាក់ ត្រូវបន្តការងារសង្គម ជាមួយសហភាពសហ ព័ន្ធយុវជនកម្ពុជា រួមសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែរឹងមាំនិងចូលរួមជាមួយរាជរដ្ឋា ភិបាលកសាងអភិវឌ្ឍប្រទេសជាតិឲ្យមានសេដ្ឋកិច្ចកាន់តែរីកចម្រើន យុវជនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលថែរក្សាសុខសន្តិភាព ជូនប្រជាជននិងប្រទេសជាតិ៕ដោយ៖ វង សុភ័ក្ត្រ