បច្ចុប្បន្នភាពនៃកំណែបាក់ឌុប៖ នៅថ្ងៃនេះ ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័របានបញ្ចប់១០០%ហើយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឯ.ឧ បណ្ឌិត រស់ សុវាចា បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ដំណើរការ ស្រង់ បូកពិន្ទុ ដោយប្រព័ន្ធកុំព្យូទ័រ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) សម្រេចបានប្រមាណ១០០ភាគរយហើយ ដោយឡែកកិច្ចការដែលនៅសល់គឺការពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៨ ខែកញ្ញា ដោយធ្វើឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី ៦, ទី ៧ និងទី៨ កញ្ញា។

ឯ.ឧ បណ្ឌិត រស់ សុវាចា  អ្នកនាំពាក្យក្រសួងអប់រំ បានថ្លែងប្រាប់CNC យ៉ាងដូច្នេះថា បន្ទាប់ពីបញ្ចប់ការងារកំណែ លើវិញ្ញាសារបស់បេក្ខជនកាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅ ក្រសួងអប់រំបានចាប់ផ្តើម ការងារស្រង់ បូកពិន្ទុ និងពិនិត្យ ផ្ទៀងផ្ទាត់ ពិន្ទុ ដោយប្រព័ន្ធកុំព្យូទ័រ ចាប់តាំងពីថ្ងៃទី៣០ ខែសីហា ហើយកិច្ចការនេះ បានដំណើរការទៅតាមកាលវិភាគដែលបាន គ្រោងទុក ហើយនឹងបញ្ចប់រួចរាល់ថ្ងៃទី០៨ ខែកញ្ញាខាងមុខនេះ។ ហើយចំណែកការប្រកាសលទ្ធផល នឹងប្រព្រឹត្តទៅតាមកាលវិភាគដែលបានគ្រោងទុក នៅសប្ដាហ៍ក្រោយ ពោលលទ្ធផលនឹងប្រកាសនៅរសៀលថ្ងៃទី១០ ខែកញ្ញា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា សម្រាប់បណ្ដាខេត្តផ្សេងៗ។

បន្ទាប់ពីប្រកាសលទ្ធផលបាក់ឌុប អ្នកនាំពាក្យក្រសួងអប់រំ ឲ្យដឹងបន្ថែមថា រៀងរាល់ឆ្នាំ ក៏ដូចជាឆ្នាំនេះ នាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជននិងកីឡា មានភារកិច្ចត្រូវរៀបចំដំណើរការនៃការជ្រើសរើស និងការប្រលងជ្រើសរើសនិស្សិតអាហា រូបករណ៍រដ្ឋ ឲ្យចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជននៅទូទាំងប្រទេស។ រីឯការប្រកាស លទ្ធផល ត្រូវធ្វើឡើង ៣ថ្ងៃក្រោយការប្រកាសលទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។


ចំនួននិស្សិតអាហារូបករណ៍ដែលផ្តល់ក្នុងឆ្នាំ២០១៩នេះ មាន ៨ ៩៩៥នាក់ ដែលត្រូវជ្រើសរើសចេញពីបេក្ខជន ដែលបាន ដាក់ពាក្យស្នើសុំអាហារូបករណ៍ចំនួន ៥១ ៦៩៤នាក់។ និស្សិតអាហារូបករណ៍ទាំងនោះត្រូវបានបែងចែកលើគោលការណ៍៖
-សិស្សពូកែទូទៅ,សិស្សនារី,សិស្សក្រីក្រ,សិស្សមកពីតំបន់ដាច់ស្រយាល,សិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា រូបវិទ្យា និងភាសាខ្មែរ និងសិស្សមានពិការភាព។

សូមរំលឹកថា បេក្ខជនប្រលងឆ្នាំនេះ មានចំនួន ១១៧,០៤៣នាក់ ស្រី៦០,៤២៧នាក់ មាន២០២មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនចំនួន ៤៤,៦៩០នាក់ មាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនចំនួន៧២,៣៥៣នាក់ មាន ១២៧មណ្ឌល។ សម្រាប់ការត្រួតពិនិត្យមណ្ឌលប្រលង និងបន្ទប់ប្រឡង រួមទាំងការគ្រប់គ្រងទូទៅ ក្រសួងអប់រំ យុវជន និងកីឡា មានការចូលរួមផ្ទាល់ពីសំណាក់ បុគ្គលិកអប់រំសរុប ១៧,៤៣០នាក់ ក្នុងនោះរួមមាន អប្បមាទ៦០៦នាក់, ជំនួយការអប្បមាទ (គរុនិសិ្សត) ២,៤០៥នាក់, អនុរក្ស១០៦៣១នាក់, ប្រធានមណ្ឌល២០២, គណៈកម្មការត្រួតពិនិត្យតាមអគារ១,១៨១នាក់ និងគណៈកម្មការកណ្តាល២,៤០៥នាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation