ថ្នាក់ដឹកនាំស្ថានទូតឥណ្ឌានិងមេបញ្ជាការកងទ័ពជើងទឹកកម្ពុជាបានធ្វើទស្សនកិច្ចនិងពិសារអាហារសាមគ្គីនៅលើនាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា
ខេត្តព្រះសីហន៖ នៅក្នុងកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា នៅល្ងាចថ្ងៃ ទី ៧ ខែកញ្ញាឆ្នាំ ២០១៩ នៅលើនាវា កងទ័ពជើងទឹកឥណ្ឌា ដែលបានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឯកឧត្តមនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក នៃប្រទេសកម្ពុជា លោកស្រី ម៉ានីកា ជេនឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ឯកឧត្តមខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមអស់លោកលោកស្រីថ្នាក់ដឹកនាំ ជាច្រើនទៀត បានអញ្ជើញ ធ្វើទស្សនកិច្ចនៅលើនាវានិងពិសារអាហារសាមគ្គីរួមគ្នា ក្នុងគោលបំណងដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែខ្លាំងឡើងថែមទៀត រវាង កងទ័ពជើងទឹកប្រទេសទាំងពីរ កម្ពុជា ឥណ្ឌា ដែលនាវាចូលចតមាន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ៥ដល់៨ខែកញ្ញាឆ្នាំ២០១៩។
លោក វរនាវីឯក Ashwin Arvind មេបញ្ជាការនាវាឥណ្ឌា បានមានប្រសាសន៍ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ច និងចូលចតរបស់នាវាចម្បាំងកងទ័ពជើងទឹក ឥណ្ឌាទាំង ២គ្រឿង នៅកំពង់ផែ ក្រុងព្រះសីហនុនាពេលនេះ គឺមានការ ទទួលស្វាគមន៍រាក់ទាក់ យ៉ាងកក់ក្តៅ ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ជាពិសេស លោកមេបញ្ជាការកងទ័ពជើងទឹក ដែលបានធ្វើឱ្យ ដំណើរទស្សនកិច្ច របស់កងទ័ពជើងទឹកនាវាឥណ្ឌា បានសិក្សាស្វែងយល់ អំពីកំណើនអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និង វប្បធម៌ ប្រពៃណី ក្នុងនោះ គណៈប្រតិភូនាវា ក៏បាន ទស្សនកិច្ច ប្រាងប្រាសាទ ក៍ដូចជារមណីយដ្ឋានធម្មជាតិ ជាច្រើនកន្លែងសម្រាប់ទាក់ទាញ ភ្ញៀវទេសចរណ៍ផងដែរ ។លោកមេបញ្ជាការក៏បានបញ្ជាក់បន្ថែមថា ក្រៅពី ការធ្វើទស្សនកិច្ចផ្សេងៗ ក្នុងនោះ កងទ័ពជើងទឹកប្រទេសកម្ពុជានិងកងទ័ពជើងទឹកប្រទេសឥណ្ឌានិងធ្វើការសមយុទ្ធហ្វឹកហាត់រួមគ្នានៅតំបន់ កោះត្បាល់ ដើម្បីបង្កើន សមត្ថភាពនិងផ្លាស់ប្ដូរបទពិសោធន៍ ពីគ្នាទៅវិញទៅមកនិង ពង្រឹងសមត្ថភាពកងទ័ពទាំងពីរ ផ្នែកយោធានៅលើដែនសមុទ្រ។
មានប្រសាសន៍ក្នុងឱកាសនោះលោកស្រី ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជានិងប្រទេសឥណ្ឌាមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ល្អយូរលង់ណាស់មកហើយ ដែលមានវប្បធម៌ប្រពៃណីប្រវត្តិសាស្រ្ត និងសាសនាតាំងពីរាប់ទសវត្សរ៍មកម្លេះហើយក្នុងនោះឥណ្ឌាក៏មានទំនាក់ទំនងដែនសមុទ្រជាប្រវត្តិសាស្ត្រជាមួយតំបន់នេះផងដែរ។ ក្នុងនោះកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរមានភាពប្រសើរឡើង ស្ទើរតែគ្រប់វិស័យ ដូចជា កសិកម្ម វិទ្យាសាស្រ្ត និងបច្ចេកទេស វិទ្យាព័ត៌មាន បច្ចេកវិទ្យាគមនាគមន៍វិស័យសុខាភិបាលការអប់រំសេវាកម្មពាណិជ្ជកម្មនិងវិនិយោគការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចសហប្រតិបត្តិការ វប្បធម៌និងការអភិវឌ្ឍន៍ធនធានមនុស្សជាដើម។
មានប្រសាសន៍នៅក្នុងពិធីទស្សនកិច្ចនិងពិសារអាហារសាមគ្គីនៅលើនាវា ចម្បាំងកងទ័ពជើងទឹកឥណ្ឌា នាឱកាសនោះ ឯកឧត្តមនាយឧត្តមនាវី ទៀ វិញមេបញ្ជាការកងទ័ពជើងទឹកបានមានប្រសាសន៍លើកឡើងថា ដើម្បីរិតចំណងសាមគ្គីកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែល្អបន្ថែមទៀតនោះក្នុងនាមកងកម្លាំងកងទ័ពទាំងពីរនឹង ធ្វើកិច្ចសហការហ្វឹកហាត់រួមគ្នាដើម្បីដក បទពិសោធន៍ពីគ្នាទៅវិញទៅមក និងបង្កើនសមត្ថភាព កងទ័ពប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើង។ ក្នុងនោះឯកឧត្តមមេបញ្ជាការក៏បានថ្លែងអំណរគុណដល់ មេបញ្ជាការកងទ័ពជើងទឹកនាវាប្រទេសឥណ្ឌានិងលោកស្រីស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងអស់លោកលោកស្រីដែលបានចូលរួមជាមួយនឹងកងទ័ពជើងទឹក ដើម្បីបានទស្សនកិច្ចនិងសិក្សាស្វែងយល់ អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជាឥណ្ឌា ទាំងផ្នែក យោធា នយោបាយ វប្បធម៌ ដែលមានទំនាក់ទំនងល្អជាមួយគ្នា ទាំងអស់នេះគឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពស្ថេរភាពនយោបាយពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើឲ្យប្រទេស ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិមានទំនាក់ទំនងល្អ បង្កើនកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍លើគ្រប់វិស័យដូចនាពេលបច្ចុប្បន្ននេះ៕ដោយ៖ប៉ៃ សុឃីម