សន្តិសុខសង្គម

សមត្ថកិច្ចកម្ពុជា បកស្រាយករណីចាប់ខ្លួនជនបរទេសដែលមានសញ្ញាតិកម្ពុជា ពាក់ព័ន្ធនឹងការសម្អាតប្រាក់នៅប្រទេសសឹង្ហបុរី

image


ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបកស្រាយថា កន្លងមកមានសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងការចាប់ខ្លួនជនបរទេស ដែលបានប្រព្រឹត្តបទល្មើសនៅប្រទេសសឹង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់ (Money Laundering) ដោយព្យាយាមទាញភ្ជាប់បញ្ហានេះ ជាមួយជនបរទេសដែលទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់ទុកការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីនេះ មានចេតនាលម្អៀង បំផ្លើសខុសពីការពិត និងបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ យោងតាមច្បាប់ស្តីពីសញ្ជាតិកម្ពុជា ការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសដោយសញ្ជាតូបនីយកម្ម ត្រូវបានធ្វើឡើងតាមរយៈការពិនិត្យ និងវាយតម្លៃយ៉ាងត្រឹមត្រូវស្របតាមនីតិវិធី និងគោលការណ៍ច្បាប់ជាធរមាន (រួមទាំងការវាយតម្លៃលើកិរិយាមាយាទ និងប្រវត្តិនៃការប្រព្រឹត្តបទល្មើស) ដោយពុំមានការរើសអើងចំពោះជាតិសាសន៍ណាមួយឡើយ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ចំពោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែររួចហើយ បានប្រព្រឹត្តបទល្មើស ទោះជាស្ថិតនៅក្នុងប្រទេសក្តី ឬនៅក្រៅប្រទេសក្តី បុគ្គលនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះមុខច្បាប់ដែលបានកំណត់របស់ប្រទេសនីមួយៗ។ បញ្ហាខាងលើគឺជាបញ្ហារបស់បុគ្គលសុទ្ធសាធ ដែលកន្លងមកបានកើតឡើងជារឿយៗ បង្កដោយជនបរទេសនៅតាមបណ្តាប្រទេសមួយចំនួនផ្សេងទៀត៕