ប្រធានាធិបតីប្រេស៊ីល លោក Lula រិះគន់បញ្ជីភេរវកររបស់អាម៉េរិកចំពោះប្រទេសគុយបា

ប្រេស៊ីល៖ អំឡុងកិច្ចប្រជុំកំពូលក្រុមប្រទេស G77 និងប្រទេសចិន ស្ថិតនៅឯរដ្ឋធានីហាវ៉ាណា (Havana) ប្រទេសគុយបា ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស្យូ លូឡាដាស៊ីលវ៉ា (Luiz Inacio Lula da Silva) បានរិះគន់ទៅលើបញ្ជីបង្ហាញអំពីការគាំទ្រភេរវកម្មដែលចេញដោយសហរដ្ឋអាម៉េរិកចំពោះប្រទេសម្ចាស់ផ្ទះគុយបានាពេលនេះ ។
ការអត្ថាធិប្បាយនេះ បានធ្វើឡើងកាលពីថ្ងៃសៅរចុងសប្តាហ៍ នៅប៉ុន្មានម៉ោងមុនពេលលោកលូឡា បន្តដំណើរចាកចេញទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិ និងពិភាក្សាទ្វេភាគីជាមួយលោកបៃដិន (Biden) ។
បន្ទាប់ពីប្រធានបទគោលនៅក្នុងកិច្ចប្រជុំកំពូល រួមមានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោកលូឡា ក៏បានបន្ថែមថា លោកនឹងជំរុញឱ្យមានក្រុមការងារនៅលើវិស័យទាំងនេះក្នុងអំឡុងចូលរួមនៅក្នុងកិច្ចប្រជុំ G20 ដែលតំណាងឱ្យផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍។
សូមជម្រាបថា ក្រុម G77 បានចាប់ផ្តើមដំបូងកាលពីឆ្នាំ ១៩៦៤ ដោយបង្កើតចេញពីសមាសធាតុនៃបណ្តាប្រទេសចំនួន ៧៧ មកដល់ឥឡូវនេះ ក្រុម G77 មានសមាជិកចូលរួមសរុបចំនួន ១៣៤ ប្រទេស ។ ស្របពេលគណៈប្រតិភូជាង ៩០រូបបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ មានតែប៉ុន្មានរូបតែប៉ុណ្ណោះដែលដឹកនាំដោយប្រមុខរដ្ឋ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect


