លោក ឃួង ស្រេង ប្រាប់អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេស ត្រូវបង្ក្រាបល្បែងស៊ីសង និងគ្រឿងញៀន

ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យកងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរខណ្ឌទាំង ១៤ និងមន្ទីរទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ការណែនាំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា “ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ជាកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨។ យុទ្ធសាស្ត្របញ្ចកោណនេះ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។”
លោក ឃួង ស្រេង បានបញ្ជាក់ថា ការបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ គឺដើម្បីជម្រុញឱ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់, អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យទទួលបានជោគជ័យ ។
លោក ឃួង ស្រេង បានលើកឡើងបន្ថែមថា ក្នុងយុទ្ធសាស្ត្របញ្ចកោណនេះ គឺបានគិតគូរពីសុខមាលភាពប្រជាពលរដ្ឋ ការជម្រុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំពោះប្រជាពលរដ្ឋក្រីក្រមិនមានលទ្ធភាពសិក្សារៀនសូត្រ ការផ្តល់ជំនួយសង្គម ដោយមិនទុកឱ្យប្រជាពលរដ្ឋស្លាប់ដោយអត់បាយ។ ការអនុវត្តវិធានការ ធ្វើយ៉ាងណាអោយភូមិ សង្កាត់ មានសុវត្ថិភាព ការខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសំណង់មិនមានច្បាប់ជាដើម។
លោក ឃួង ស្រេង ក៏បានជម្រុញឱ្យកងកម្លាំងមានសមត្ថកិច្ច និងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវសំលៀងកាំបិតឱ្យមុត ដើម្បីបង្ក្រាបល្បែងស៊ីសង និងគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការតៀមកម្លាំងដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ ការត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនិងកឋិនទាន។
បន្ថែមពីនេះ ក្នុងកិច្ចប្រជុំនេះដែរ លោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្ត្រីទាំងអស់ សូមសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ហើយបើមិនយល់ ត្រូវពិគ្រោះ ឬសួរទៅថ្នាក់លើបន្ថែម ដើម្បីយកមកអនុវត្តឱ្យបានត្រឹមត្រូវនិងទទួលបានជោគជ័យ៕











