ព័ត៌មានជាតិ

លោកស្រីបណ្ឌិត ជា សិរី៖ ដើម្បីការពារហានិភ័យចំពោះវិស័យហិរញ្ញវត្ថុ ប្រទេសកំពុងអភិវឌ្ឍន៍ គួរបន្ស៊ីការអនុវត្តគោលនយោបាយចម្រុះ ស្របតាមស្ថានភាពសេដ្ឋកិច្ចរៀងៗខ្លួន

image


សៀមរាប៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាទេសាភិបាលមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនាគារកណ្តាលអាស៊ីអាគ្នេយ៍ (ស៊ាសិន) សម្រាប់ឆ្នាំ ២០២៣ បានលើកឡើងពីការពង្រឹង និងការអនុវត្តគោលនយោ បាយសេដ្ឋកិច្ចចម្រុះ ដែលសមស្របសម្រាប់ឆ្លើយតបនឹងហានិភ័យសក្តានុពលដែលអាចនឹងកើតឡើង ជាពិសេសបណ្តាប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ ខណៈស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។

ការលើកឡើងបែបនេះរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាទេសាភិបាលមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនាគារកណ្តាលអាស៊ីអាគ្នេយ៍ (ស៊ាសិន) សម្រាប់ឆ្នាំ២០២៣ នៅក្នុងសិក្ខាសាលាជាន់ខ្ពស់ ដែលជាការសហការរៀបចំរវាងធនាគារជាតិនៃកម្ពុជា មជ្ឈមណ្ឌលស៊ាសិន និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ (NBC-SEACEN-BIS) លើកទី១៦ នៅថ្ងៃ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

សិក្ខាសាលាជាន់ខ្ពស់នេះធ្វើឡើងក្នុងគោលបំណងផ្តល់ជាវេទិកា សម្រាប់មន្ត្រីជាន់ខ្ពស់ថ្នាក់រៀបចំគោលនយោបាយ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗ ក្នុងតំបន់។ នៅឆ្នាំ២០២៣ នេះ សិក្ខាសាលាបានជ្រើសរើសប្រធានបទស្តីពី «ការរឹតបន្តឹងនយោបាយរូបិយវត្ថុ និងផលប៉ះពាល់មកលើស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់អាស៊ី» ដោយមានការចូលរួមពីសមាជិកស៊ាសិនចំនួន ១៩ ប្រទេស ព្រមទាំងតំណាងមកពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា រួមមាន លោកបណ្ឌិត Bo Li អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកបណ្ឌិត Tao Zhang ប្រធានតំណាងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ និងវាគ្មិនកិត្តិយសមកពីសាកលវិទ្យាល័យធំៗជាច្រើនផងដែរ។

ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកស្រីទេសាភិបាល ជា សិរី បានលើកឡើងថា ពិភពលោក និងតំបន់អាស៊ី កំពុងប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជា ដោយសារការអូសបន្លាយនៃសង្គ្រាមរុស្សី-អ៊ុយក្រែន ការកើនឡើងនៃភាពតានតឹងនៃភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច និងការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត។

បញ្ហាទាំងនេះ អាចធ្វើឱ្យប៉ះពាល់ដល់ការការងើបឡើងនៃសេដ្ឋកិច្ច ប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុពិភពលោក និងធ្វើឱ្យមានការកើនឡើងគម្លាតអភិវឌ្ឍន៍នៃសេដ្ឋកិច្ចពិភពលោក ដែលនឹងអាចបន្ថយល្បឿនកំណើនពាណិជ្ជកម្ម និងការនិយោគយោគ។ ដោយឡែក ការបង្កើនអត្រាការប្រាក់ដោយធនាគារកណ្តាលនៃប្រទេសធំៗ ដើម្បីប្រឆាំងនឹងអតិផរណា បានធ្វើឱ្យប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការថយចុះលំហូរមូលធន ការថយថ្លៃរូបិយវត្ថុ និងបានជំរុញឱ្យប្រទេសទាំងនេះ ដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន។

ក្នុងស្ថានភាពនេះ ប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍមិនត្រឹមតែត្រូវគ្រប់គ្រងសម្ពាធអតិផរណា និងអត្រាប្តូរប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបង្កើនការយកចិត្តទុកដាក់រក្សាហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុផងដែរ។

ជាដំណោះស្រាយ លោកស្រីទេសាភិបាល ក៏បានលើកឡើងពីការពង្រឹង និងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចចម្រុះ ដែលសមស្របសម្រាប់ឆ្លើយតបនឹងហានិភ័យសក្តានុពលដែលអាចនឹងកើតឡើង។ ទន្ទឹមនេះ ប្រទេសនីមួយៗគួរបន្ស៊ីការអនុវត្តគោលនយោបាយចម្រុះ ស្របតាមស្ថានភាពសេដ្ឋកិច្ចរៀងៗខ្លួន។

ម្យ៉ាងទៀត នយោបាយរូបិយវត្ថុ និងការរក្សាស្ថិរភាពហិរញ្ញវត្ថុមានការប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធ ដូច្នេះ អាជ្ញាធរគួរគិតគូល្អិតល្អិនពីការផលប៉ះពាល់នៃការអនុវត្តនយោបាយដើម្បីសម្រេចបានគោលដៅរក្សាស្ថិរភាពថ្លៃនិងស្ថិរភាពហិរញ្ញវត្ថុ។

កិច្ចសហប្រតិបត្តិការតំបន់ និងពិភពលោកនឹងកាត់បន្ថយហានិភ័យនៃការការកើនឡើងគម្លាតអភិវឌ្ឍន៍នៃសេដ្ឋកិច្ចពិភពលោកផងដែរ ដែលនឹងគាំទ្រដល់កំណើនពាណិជ្ជកម្ម និងការវិនិ យោគអន្តរជាតិ។

ជាមួយគ្នានេះ លោកស្រីបណ្ឌិត ជា សិរី ក៏បានជម្រាបជូនអង្គប្រជុំពីស្ថានភាពកំណើនសេដ្ឋកិច្ចនៅកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩ និងការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដើម្បីជំរុញការងើបឡើងនៃសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រ ឈមនានា៕