អ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមប្រជុំក្រុមការងារ ឃ ផ្នែក «នីតិកម្ម ពន្ធដារ និងអភិបាលកិច្ច» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន នៅព្រឹកថ្ងៃទី ១៨ខែកញ្ញា ឆ្នាំ ២០២៣នេះ បានដឹកនាំសមាជិកសមាជិកានៃក្រុមការងារ «ឃ» ផ្នែកឯកជន ចូលរួមកិច្ចប្រជុំពិភាក្សានៃក្រុមកាងារ ឃ «ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច» នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារ «ឃ» ផ្នែករដ្ឋាភិបាល និងវត្តមាន លោក អានូ ដាក សហប្រធានក្រុមការងារទី ឃ ផ្នែកឯកជន និងមានវត្តមានចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារ និងសមាជិក សមាជិកាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា តំណាងសភាពាណិជ្ជកម្មអឺរ៉ុប តំណាងសភាពាណិជ្ជកម្មអន្តរជាតិ តំណាងក្រុមហ៊ុនឯកជន និងសមាជិក សមាជិកាក្រុមការងារជាច្រើនទៀតចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធហ្សូម ផងដែរ។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិភាក្សា ស្វែងរកការបំភ្លឺ ដោះស្រាយទៅលើបញ្ហាប្រឈមនានារបស់ផ្នែកឯកជន ដែលបានលើកឡើង។ ជាក់ស្តែងកិច្ចប្រជុំបានពិភាក្សា និងបានដោះស្រាយទៅលើបញ្ហាប្រឈមនានារបស់ផ្នែកឯកជន នឹងឯកភាព គ្នាទៅវិញទៅមក លើរាល់បញ្ហាដែលបានលើកឡើងតាមរបៀវរៈ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ ស្និតស្នាល យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា៕



























