ធនាគារជាតិនៃកម្ពុជា នឹងបន្តលក់ប្រាក់ដុល្លារអាមេរិក ចំនួន ៨លើកទៀត ក្នុង ៤សប្តាហ៍ខាងមុខ ដើម្បីអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដែលជួយពង្រឹងអំណាចទិញរបស់ប្រាក់រៀល

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងបន្តអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ដោយដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិក ចំនួន ៨លើកទៀត ក្នុងរយៈពេល ៤សប្តាហ៍ខាងមុខនេះ ដោយក្នុងនោះ ១សប្តាហ៍នឹងដាក់ដេញថ្លៃចំនួនពីរដង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៨ខែកញ្ញា ឆ្នាំ ២០២៣។
ធនាគារជាតិនៃកម្ពុជា បានកត់សម្គាល់ឃើញថា ក្រោយពីការដាក់ឱ្យដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន ៤លើក ក្នុងរយៈពេល ២សប្តាហ៍ ចុងក្រោយនេះ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកបានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។ ទន្ទឹមនេះ ដោយពិនិត្យឃើញពីការប្រែប្រួលតម្លៃប្រាក់ដុល្លារអាមេរិកនៅលើ ទីផ្សារអន្តរជាតិ និងការវិវឌ្ឍនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងពេលខាងមុខ ធនាគារជាតិ នៃកម្ពុជានឹងបន្តគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់បន្ថែមទៀត។
ប្រភពដដែលបានបញ្ជាក់ថា ក្នុងគោលដៅនេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តធ្វើអន្តរាគមន៍តាមការចាំបាច់ រហូតដល់ អត្រាប្តូរប្រាក់ស្ថិតក្នុងកម្រិតមួយសមស្រប ដែលជួយពង្រឹងអំណាចទិញរបស់ប្រាក់រៀល និងរួមចំណែកគាំទ្រការបន្តងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។
ការធ្វើអន្តរាគមន៍គ្រោងនឹងធ្វើឡើងចំនួន ២ដងក្នុង ១សប្តាហ៍ (ថ្ងៃពុធ និងថ្ងៃសុក្រ) សម្រាប់ រយៈពេល ៤សប្តាហ៍តទៅមុខទៀត។ ទោះជាយ៉ាងណា ធនាគារជាតិនៃកម្ពុជា មិនបានបញ្ជាក់អំពីចំនួនទឹកប្រាក់ដែលនឹងត្រូវធ្វើអន្តរាគមន៍ទាំង ៨លើកនេះទេ។
សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា បានដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៤លើក ដែលមានទឹកប្រាក់សរុប ៥០លានដុល្លារ ចាប់ពីថ្ងៃទី ៦ដល់ ១៥ខែកញ្ញា ឆ្នាំ ២០២៣ ដែលយុទ្ធសាស្ត្រនៃការអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជា ខណៈតម្លៃប្រាក់ដុល្លារអាមេរិកឡើងថ្លៃខ្ពស់គួរឲ្យកត់សម្គាល់ក្នុងមួយរយៈចុងក្រោយនេះ បើធៀបនឹងរូបិយប័ណ្ណផ្សេងៗ ក្នុងនោះរួមទាំងប្រាក់រៀលរបស់កម្ពុជាផងដែរ។
យោងតាមការកត់ត្រារបស់ CNC អត្រាប្តូរប្រាក់ផ្លូវការនៅលើគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា សម្រាប់ថ្ងៃទី ៥ខែកញ្ញា ឆ្នាំ ២០២៣ គឺមានតម្លៃ ៤.១៥៨រៀល ក្នុងមួយដុល្លារអាមេរិក ដែលជាតម្លៃមុនពេលធ្វើអន្តរាគមន៍ ខណៈអត្រាប្តូរប្រាក់ផ្លូវការសម្រាប់ថ្ងៃទី ១៩ខែ កញ្ញា ឆ្នាំ ២០២៣ របស់ធនាគារជាតិនៃកម្ពុជា បានធ្លាក់មកនៅត្រឹមតម្លៃ ៤.១២៤រៀល ក្នុងមួយដុល្លារអាមេរិក៕




