សង្គម

អាជ្ញាធរខេត្តបាត់ដំបង ជូនដំណឹងដល់គ្រប់ស្ថាប័នរដ្ឋ ឯកជន វត្តអារាម វិហារសាសនា រួមគ្នាវាយគង ទូងស្គរ ដើម្បីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

image


បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបងបានធ្វើសេចក្តីជូនដំណឹងដល់មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ស្ថាប័នរដ្ឋ ឯកជន សាលារៀន វត្តអារាម អាស្រម ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ឱ្យបានជ្រាបថា នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូបានសម្រេចជាឯកច្ឆ័ន្ទចុះ " រមណីយដ្ឋានប្រាសាទកោះករ “ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។

ក្នុងសេចក្តីជូនដំណឹង ដែលបានចុះហត្ថលេខាដោយលោកសុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក រដ្ឋបាលខេត្តបាត់ដំបង សូមធ្វើការណែនាំដូចខាងក្រោម ៖

១. គ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព ជុំវិញខេត្ត រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបាត់ដំបង សូមរួមគ្នាធ្វើការវាយគង ទូងស្គរ វាយជួង ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ ដែលខ្លួនមាន នាវេលាម៉ោង ៧:០០នាទីព្រឹក នាថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ និងតាមបណ្តាអង្គភាពរៀងៗខ្លួន ព្រមទាំងគ្រប់ទីប្រជុំជន សហគមន៍នៅតាមភូមិឱ្យបានច្រើនកុះករ ខ្ញៀវខ្ញារ ប្រកបដោយសេចក្តីសប្បាយរីករាយ និងការសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ។

២.គ្រប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវណែនាំប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យចងទង់ជាតិ នៅខាងមុខគេហដ្ឋាន និងរោងចក្រ សហគ្រាស ក្រុមហ៊ុន ។ល។

៣.មន្ទីរព័ត៌មានខេត្តបាត់ដំបង ត្រូវចាត់តាំងបណ្តាញវិទ្យុ និងស្ថានីយទូរទស្សន៍ចុះធ្វើសកម្មភាពយកព័ត៌មាន ថតរូប និងថតវីឌីអូ នូវរាល់សកម្មភាព និងទិដ្ឋភាពជាក់ស្តែងនៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ហើយត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

រដ្ឋបាលខេត្តបាត់ដំបង មានក្តីសង្ឃឹមទុកជាមុនថា គ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្តបាត់ដំបង រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបាត់ដំបង នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ប្រកបដោយមោទកភាព និងឈរលើស្មារតីសាមគ្គីជាតិ ៕

ដោយ៖ ឡាច សុគន្ធាវី