មន្ត្រីជាន់ខ្ពស់យុត្តិធម៌ ប្រាប់មន្ត្រីនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ធ្វេីការប្រកបដោយស្មារតីបុរេសកម្ម

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៅក្រោមឱវាទនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីបុរេសកម្មជានិច្ច ដើម្បីបំពេញការងារទទួលបានលទ្ធផលល្អ ដោយត្រូវប្រកាន់ខ្ជាប់នូវអភិក្រមការងារ លឿន រហ័ស និងត្រឹមត្រូវ។
លោក គឹម សន្តិភាព ដែលទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនោះ បានលើកឡើងដូចនេះក្នុងកិច្ចប្រជុំផ្ទៃក្នុងនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ជាមួយអ្នកពាក់ព័ន្ធនៅក្នុងវិស័យយុត្តិធម៌ នៅព្រឹកថ្ងៃ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
លោក គឹម សន្តិភាព ក្នុងកិច្ចប្រជុំនោះក៏បានប្រកាសនូវសេចក្តីសម្រេចរបស់ លោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្តីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងបានស្នើសុំដល់ថ្នាក់ដឹកនាំ អនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ជានិច្ច៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា











