ពលរដ្ឋជប៉ុននៅតែជំទាស់គម្រោងសាងសង់បន្ទាយយោធាថ្មីរបស់អាម៉េរិកនៅលើកោះអូគីណាវ៉ា

ជប៉ុន៖ ពលរដ្ឋជប៉ុននៅលើកោះអូគីណាវ៉ាបានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលជប៉ុនដែលបន្តគាំទ្រឱ្យមានការសាងសង់បន្ទាយយោធាថ្មីមួយទៀតរបស់សហរដ្ឋអាម៉េរិកនៅលើកោះមួយនេះ បើទោះបីជាមានការជំទាស់មិនពេញចិត្តពីសំណាក់ក្រុមពលរដ្ឋក្នុងតំបន់យ៉ាងណាក៏ដោយ ។
កាលពីថ្ងៃទី៤ ខែកញ្ញា ស្ថាប័នតុលាការកំពូលរបស់ប្រទេសជប៉ុនបានបដិសេធសំណើបណ្ដឹងឧទ្ធរណ៍របស់អភិបាលខេត្តអូគីណាវ៉ាដែលបានប្ដឹងប្រឆាំងទៅនឹងគម្រោងរបស់រដ្ឋាភិបាលជប៉ុនជុំវិញការសាងសង់បន្ទាយទ័ពថ្មីរបស់សហរដ្ឋអាម៉េរិកក្នុងតំបន់ Henoko ស្ថិតនៅក្នុងទឹកដីខេត្តរបស់ខ្លួន។
គួរជម្រាបថា គម្រោងសាងសង់បន្ទាយទ័ពថ្មី បានធ្វើឡើងដោយយោងទៅតាមខ្លឹមសារនៃកិច្ចព្រមព្រៀងឆ្នាំ ១៩៩៦ រវាងរដ្ឋាភិបាលជប៉ុននិងសហរដ្ឋអាម៉េរិក ក្នុងការបម្លាស់ទីតាំងបន្ទាយទ័ពក្នុងតំបន់ Futenma លើកោះអូគីណាវ៉ាទៅកាន់តំបន់ Henoko នៃទីក្រុង Nago ជំនួសវិញ។
ការផ្លាស់ប្ដូរទីតាំងបន្ទាយយោធានៅលើកោះអូគីណាវ៉ា តម្រូវឱ្យមានការទន្ទ្រានដីព្រៃក្នុងតំបន់មួយនេះកាន់តែច្រើនឡើង សម្រាប់ការសាងសង់ទីកន្លែងស្នាក់នៅដល់ទាហានអាម៉េរិក និងទីតាំងព្រលានយន្តហោះថ្មីមួយសម្រាប់យោធាផងដែរ។
គួរបញ្ជាក់ថា ប្រមាណជាង ៧០ភាគរយនៅក្នុងចំណោមកងយោធាអាម៉េរិកជាង៥ម៉ឺននាក់នៅក្នុងប្រទេសជប៉ុន កំពុងស្ថិតនៅលើកោះអូគីណាវ៉ា ដែលជាដែនដីប៉ែកខាងត្បូងបំផុតរបស់ប្រទេសជប៉ុន មានទីតាំងក្បែរកោះតៃវ៉ាន់និងប្រទេសចិនដីគោក ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect

