សង្គម

អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានលើកទឹកចិត្តដល់ម្ចាស់គ្រឹះស្ថានកម្សាន្ត អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ចូលរួមបង្កើនបរិយាកាសគាំទ្រ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍

image


បាត់ដំបង ៖ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក ទា ផល្លា លើកទឹកចិត្តដល់ម្ចាស់គ្រឹះស្ថានកម្សាន្ត អាជ្ញាធរនិងអ្នកពាក់ព័ន្ធចូលរួមបង្កើនបរិយាកាសគាំទ្រក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ដើម្បីធ្វើឱ្យសម្រេចតាមផែនការទិសដៅ ក្នុងការទប់ស្កាត់ការឆ្លងជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា ។

ការលើកទឹកចិត្តនេះបានធ្វើឡើងនៅក្នុងពិធីបើកអង្គវេទិកាផ្សព្វផ្សាយនិងពិភាក្សាជាមួយម្ចាស់គ្រឹះស្ថានកម្សាន្ត អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ដើម្បីបង្កើនបរិយាកាសគាំទ្រក្នុងការឆ្លើយតបនឹងមេរោគអេដស៍ នៅសាលប្រជុំផ្នែកបណ្តុះបណ្តាលបន្តមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមការឧបត្ថម្ភដោយ UNAIDS រៀបចំដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ។

លោក ទា ផល្លា បានធ្វើការណែនាំបន្ថែមដល់អង្គវេទិកាដែលជាម្ចាស់គ្រឹះស្ថាន ម្ចាស់សេវា អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ជួយជំរុញដល់ការផ្សព្វផ្សាយអំពីស្ថានភាពនៃការឆ្លងរាលដាលនៃមេរោគអេដស៍ ការអប់រំពីវិធានការណ៍បង្ការលើកទឹកចិត្តគាំទ្រដល់អ្នក ដែលប្រឈមនឹងការឆ្លងមេរោគអេដស៍ ដូចជា ស្ត្រីបម្រើសេវាកម្សាន្តសប្បាយ បុរសរួមភេទជាមួយបុរស ក្រុមអ្នកប្លែងភេទ អ្នកមានដៃគូរួមភេទច្រើន ស្រ្តីមានផ្ទៃពោះ អ្នកជំងឺរបេង អ្នកជំងឺកាមរោគ អ្នកជំងឺរ៉ាំរ៉ៃ អ្នកចំណាកស្រុក ដៃគូមុនរៀបអាពាហ៍ពិពាហ៍ជាដើមឱ្យទទួលយកការធ្វើតេស្តឈាមដោយស្ម័គ្រចិត្តនៅសហគមន៍មណ្ឌលសុខភាព ឬនៅមន្ទីរពេទ្យ។

លោក អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបន្តទៀតថា គ្រប់ស្ថាប័នអប់រំត្រូវពង្រឹងឡើងវិញនូវគុណភាពនៃការអប់រំផ្សព្វផ្សាយដល់យុវវ័យក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ពីចំណេះដឹងមូលដ្ឋានសុខភាពបន្តពូជ ការចម្លងនៃមេរោគអេដស៍ និងវិធានការណ៍បង្ការចាំបាច់នានា ដែលយុវវ័យត្រូវប្រកាន់ខ្ជាប់ ហើយអាជ្ញាធរមូលដ្ឋានជួយជំរុញការអប់រំអនុវត្តកម្មវីធីស្រោមអនាម័យ១០០% នៅតាមមូលដ្ឋានសេវាកំសាន្ដសប្បាយ ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារជាដើម ។

អនុប្រធានមន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត ស៊ូ សានិត បានបញ្ជាក់ថា គោលបំណងនៃអង្គវេទិកានេះ គឺដើម្បីធ្វើការផ្សព្វផ្សាយ និងពិភាក្សាជំរុញលើកិច្ចសហការ បើកទូលាយនូវបរិយាកាសគាំទ្រដល់ការអនុវត្តបទអន្តរាគមន៍ ផ្តល់សេវាអប់រំបង្ការ ស្រាវជ្រាវ និងព្យាបាលពាក់ព័ន្ធកម្មវិធីអេដស៍ជូនដល់សហគមន៍ អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខខ្ពស់នឹងការចម្លងមេរោគអេដស៍ ជាមួយម្ចាស់គ្រឹះស្ថាន ម្ចាស់សេវា អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ផ្សេងៗទៀត ៕

ដោយ៖ គួយ គឹមស៊ន