CMAC ចាប់ផ្តើមបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ លើដីព្រៃជាង៥០០ហិកតាក្នុងស្រុកស្រីស្នំ

អត្ថបទ៖ ជា ស្រស់
សៀមរាប៖ ដីព្រៃសហគមន៍ភ្នំព្រះច្បារ និងដីប្រជាពលរដ្ឋ ក្នុងភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ចំនួន៥៣២ហិកតា ត្រូវបានអង្គភាពស៊ីម៉ាក់ (CMAC) ចាប់ផ្តើមធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះផ្សេងៗសល់ពីសង្រ្គាម ។
អភិបាលស្រុក ស្រីស្នំ លោក ហ៊ន់ ឬទ្ធី បានថ្លែងឲ្យដឹង ក្នុងពិធីប្រគល់-ទទួលសម្ភារប្រើប្រាស់របស់មូលនិធិចិន Peace Land Foundation ជូនដល់ក្រុមការងារបោសសម្អាតមីន ស៊ីម៉ាក់ (CMAC) នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះថា ការបោសសម្អាតនេះ បានធ្វើឡើងក្រោមជំនួយរដ្ឋាភិបាលប្រទេសចិន ដើម្បីយកដីឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងអភិវឌ្ឍន៍ធ្វើជាតំបន់ទេសចរណ៍ ។
លោក ហ៊ន់ ឬទ្ធិ អភិបាលស្រុកស្រីស្នំ តំណាងឱ្យប្រជាជន១.៩២១គ្រួសារ បានសាទរនឹងសមិទ្ធផលដែលសម្រេចបានពីកិច្ចសហការរវាងកងឯកភាពកម្ចាត់មីនទី៤ ស៊ីម៉ាក់ (CMAC)ប្រចាំខេត្តសៀមរាប និងមូលនិធិចិន Peace Land Foundation ដែលបានជួយពន្លឿនដល់សកម្មភាពរំដោះដីចេញពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ជាប្រយោជន៍ផ្តល់ជូនប្រជាជនដោយផ្ទាល់នៅក្នុងភូមិដំណាក់ដំរី និងដល់ប្រជាជននៅក្នុងស្រុកស្រីស្នំផងដែរ។
លោក Liu Wenzhi តំណាងមូលនិធិចិន Peace Land Foundation បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ក្រុមការងារបោសសម្អាតមីន ស៊ីម៉ាក់ (CMAC) និងអាជ្ញាធរពាក់ព័ន្ធនានា រួមទាំងការចូលរួមដោយផ្ទាល់របស់ប្រជាជននៅនឹងមូលដ្ឋានក្នុងការជួយសម្រេចបាននូវការបោសសម្អាតមីនឱ្យអស់ពីក្នុងស្រុកស្រីស្នំនិយាយដោយឡែក និងនៅទីតាំងនានាក្នុងប្រទេសកម្ពុជានិយាយរួម ក្រោមគោលនយោបាយប្រកបដោយភាពវាងវៃរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។លោក Liu Wenzhi ក៏បានបង្ហាញសុឆន្ទៈក្នុងការសម្របសម្រួលការងារជួយកៀរគររកជំនួយសម្ភារនានាបន្ថែមទៀតដល់បេសកកម្មការងាររបស់កងឯកភាពកម្ចាត់មីនទី៤ ស៊ីម៉ាក់ (CMAC)ប្រចាំខេត្តសៀមរាប។
មូលនិធិចិន Peace Land Foundation បានផ្ដល់សម្ភារដល់ក្រុមការងារបោសសម្អាតមីន ស៊ីម៉ាក់ (CMAC)រួមមានតង់ធំចល័តទំហំ៣ម៉ែត្រx៤ម៉ែត្រចំនួន២ តុចល័តចំនួន៥ គ្រែចល័តចំនួន១០ ពូកគេងបត់ចល័តចំនួន១០ កៅអីចល័តចំនួន១៥ តុចល័តចំនួន៥ និងអំពូលដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន៥ ។
លោក អ៊ាន សុធា ប្រធានកងឯកភាពកម្ចាត់មីនទី៤ ស៊ីម៉ាក់ (CMAC)ប្រចាំខេត្តសៀមរាប បានគូសបញ្ជាក់ថាក្រុមការងារបោសសម្អាតមីន ស៊ីម៉ាក់ (CMAC)កំពុង
បោសសម្អាតមីនរំដោះផ្ទៃដីសរុប៥៣២ហិកតា ដោយប្រើប្រាស់កម្លាំង៤ក្រុមស្មើនឹង៤០នាក់ ដែលបច្ចុប្បន្នក្រុមការងារបោសសម្អាតបានលើផ្ទៃដី២៥% បើតាមផែនការគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខ៕









