កាណាដាដាក់ការសង្ស័យលើឥណ្ឌាថាមានជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មលើមេដឹកនាំក្រុម Sikh

កាណាដា៖ ប្រទេសកាណាដា និយាយថា ខ្លួនមានព័ត៌មានគួរឱ្យទុកចិត្តដែលមានជាប់ពាក់ព័ន្ធជាមួយភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ជុំវិញការសម្លាប់មេដឹកនាំក្រុមផ្តាច់ខ្លួនស៊ីក (Sikh) នៅរដ្ឋប្រ៊ីធីសកូឡុំប៊ី (British Columbia) កាលពីខែមិថុនា ដោយបន្ថែមថា ខ្លួនក៏បានបណ្តេញមន្ត្រីស៊ើបការណ៍ជាន់ខ្ពស់ជនជាតិឥណ្ឌាម្នាក់ចេញពីតួនាទីផងដែរ ។
សេចក្តីប្រកាសនេះ បានបណ្តាលឱ្យទំនាក់ទំនងទ្វេភាគីកាន់តែធ្លាក់ចុះ បន្ទាប់ពីឥណ្ឌាមិនពេញចិត្តចំពោះទង្វើរបស់អាជ្ញាធរកាណាដា ជុំវិញការមិនព្រមបង្ក្រាបទៅលើក្រុមបាតុករស៊ីក (Sikh) ដែលតែងតែចង់បំបែកខ្លួនចេញពីប្រទេសឥណ្ឌា ។
ដោយឡែក នាយករដ្ឋមន្ត្រីកាណាដា លោក ចាស់ស្ទ៊ីន ទ្រូដូ (Justin Trudeau) បានលើកឡើងថា ការជាប់ពាក់ព័ន្ធណាមួយរបស់រដ្ឋាភិបាលបរទេស នៅក្នុងការសម្លាប់ពលរដ្ឋកាណាដា គឹជា "ការរំលោភលើអធិបតេយ្យភាពរបស់កាណាដា ហើយយើងមិនអាចទទួលយកបានឡើយ" ។
គួរបញ្ជាក់ថា លោក ហាឌីប សិង្ហ និច្ចារ្យ (Hardeep Singh Nijjar) ត្រូវបានបាញ់សម្លាប់នៅខាងក្រៅវិហារស៊ីក ក្នុងសង្កាត់ស៊ើរ៉េ (Surrey) រដ្ឋប្រ៊ីធីសកូឡុំប៊ី ប្រទេសកាណាដា កាលពីថ្ងៃទី ១៨ ខែមិថុនា ។ ដំណាលគ្នានោះ កាសែត ដឹទ្រីប្យូន (The Tribune) របស់ឥណ្ឌា បានសរសេរថា លោក និច្ចារ្យ បានគាំទ្រឱ្យមានការបង្កើតរដ្ឋឯករាជ្យ ខាលីស្ថាន (Khalistani) សម្រាប់ក្រុមជំនឿស៊ីកនៅក្នុងប្រទេសឥណ្ឌា ដោយកាលពីខែកក្កដា ឆ្នាំ ២០២០ ឥណ្ឌាបានចាត់ទុកពួកគេថា ជាក្រុមភេរវករ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect



