ព័ត៌មានអន្តរជាតិ

មន្រ្តីការបរទេសអឺរ៉ុបដាក់ចេញនូវកិច្ចការអាទិភាពសម្រាប់មហាសន្និបាត អ.ស.ប លើកទី ៧៨

image


អឺរ៉ុប៖ មន្រ្តីប្រធានកិច្ចការបរទេស និងសន្ដិសុខនយោបាយរបស់សហភាពអឺរ៉ុប លោក ចូសែប បូរ៉ែល (Josep Borrell) បានប្រកាសដាក់ចេញនូវគោលនយោបាយជាអាទិភាពរបស់ប្រទេសជាសមាជិកសហភាពអឺរ៉ុប សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ ។

មន្រ្តីដដែលនេះបានលើកឡើងថា សហភាពអឺរ៉ុបមានឆន្ទៈក្នុងការអនុវត្តន៍ និងធានាឱ្យបាននូវគោលដៅកម្មវត្ថុនៃផែនការរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិស្តីអំពីការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាបំរែបំរួលអាកាសធាតុនៅក្នុងពិភពលោក។

លោកបានបន្ដទៀតថា រដ្ឋជាសមាជិករបស់សហភាពអឺរ៉ុបត្រូវតែបង្កើនការបេ្តជ្ញាចិត្តរួមគ្នាឱ្យបានរឹងមាំលើបញ្ហាមួយនេះ ដើម្បីត្រៀមសម្រាប់ឱកាសនៃសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ហៅកាត់ថា COP 28 ដែលនឹងធើ្វឡើងនៅថ្ងៃទី ១២ ខែធ្នូ។
ដោយឡែក ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន មន្រ្តីជាន់ខ្ពស់អឺរ៉ុបនេះបានបញ្ជាក់ថា សហភាពអឺរ៉ុបនៅតែបន្តផ្តល់ការគាំទ្រសម្រាប់អ៊ុយក្រែនដោយមិនងាករេ បើទោះបីជាមិនមានការចូលរួមពីសំណាក់សហគមន៍អន្តរជាតិដទៃទៀតយ៉ាងណាក្តី ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect