យោធាអាម៉េរិកអំពាវនាវរកជំនួយ បន្ទាប់ពីយន្តហោះចម្បាំង F-35 ធ្លាក់បាត់ដោយគ្មានសញ្ញា

សហរដ្ឋអាម៉េរិក៖ មន្រ្តីយោធាអាម៉េរិកមួយរូបបានលើកឡើងថា គេនៅមិនទាន់រកឃើញបំណែករបស់យន្តហោះចម្បាំងប្រភេទ F-35 ដែលបានជួបឧបទ្ទវហេតុធ្លាក់បាត់សញ្ញាទាក់ទង កាលពីថ្ងៃអាទិត្យ ស្ថិតនៅជិតមូលដ្ឋានកងទ័ពអាកាសក្នុងរដ្ឋកាលីហ្វ័រញ៉ាខាងត្បូងនៅឡើយទេ ខណៈស្ថាប័នយោធាអាម៉េរិកកំពុងអំពាវនាវស្វែងរកព័ត៌មានបន្ថែមពីមហាជនដើម្បីអាចធើ្វការកំណត់ទីតាំងធ្លាក់យន្តហោះចម្បាំងមួយគ្រឿងនេះ ។
គួររំលឹកថា ក្រោយពីជួបបញ្ហារអាក់រអួលផ្នែកបច្ចេកទេសនៃប្រព័ន្ធហោះហើររបស់យន្តហោះចម្បាំងខាងលើ បានធើ្វឱ្យអ្នកបើកបរយន្តហោះមួយនេះសម្រេចធើ្វការរំដោះខ្លួនចេញពីតួបញ្ជាយានដើម្បីសុវត្ថិភាព តាមរយៈនិតិវិធីបំផ្លោងខ្លួនចេញមកខាងក្រៅជាមួយឆ័ត្រយោង (Eject) និងបានបណ្តោយឱ្យយានជំនិះរបស់ខ្លួនធ្លាក់ទៅខាងក្រោម។ នេះបើតាមការបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់មន្រ្តីមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Chasleston ។
ទោះជាបែបណាក្តី គេនៅមិនទាន់អាចស្វែងរកឃើញតម្រុយទីតាំងដែលយន្តហោះ F-35 បានធ្លាក់ចុះនៅឡើយទេ ដោយមន្រ្តីយោធាអាម៉េរិកខាងលើបានធើ្វការអំពាវនាវដល់ក្រុមសាធារណៈឱ្យជួយផ្តល់ព័ត៌មានមកកាន់ក្រុមការងារនៃអង្គភាពគ្រប់គ្រងប្រតិបត្តិការដើម្បីជួយពន្លឿនដល់ដំណើរការរុករករបស់ក្រុមអ្នកជំនាញឱ្យបានឆាប់រហ័ស។
គួរជម្រាបជូនថា ក្រុមហ៊ុន Lockheed Martin ត្រូវជាអ្នកផលិតយន្តហោះចម្បាំង F-35 បានឱ្យដឹងថា យន្តហោះប្រភេទនេះត្រូវបានអភិវឌ្ឍឡើងដោយស្រោបជាមួយលោហៈធាតុពិសេសម្យ៉ាង ដោយប្រព័ន្ធរ៉ាដាមិនងាយនិងចាប់សញ្ញារបស់វាបាន ជាហេតុធើ្វឱ្យប្រតិបត្តិការរុករករបស់ក្រុមយោធាអាម៉េរិកនៅពេលនេះមានភាពលំបាកខ្លាំង ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect


