ព័ត៌មានជាតិ

អភិបាលរងខេត្តពោធិ៍សាត់ ក្រើនរំលឹកដល់កងកម្លាំងនិងសមត្ថកិច្ច ដែលឈរជើងតាមផ្លូវច្រកព្រំដែន ត្រូវបង្កលក្ខណ:ងាយស្រួល ដល់ពលករខ្មែរ

image


ពោធិ៍សាត់៖ លោក ហៀប ឃួន អភិបាលរងខេត្តពោធិ៍សាត់ នៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ៩៩ស ស រ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការបង្កើតគណ:កម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ដែលកិច្ចិប្រជុំនេះក៏បានធ្វើការណែនាំតម្រង់ទិសដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ អង្គភាព និងស្ថាប័ន្តជំនាញពាក់ព័ន្ធដែលមានភារកិច្ចតាមច្រកព្រំដែនក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ប្រទេសកម្ពុជា និងខេត្តត្រាត ប្រទេសថៃ។

តាមការលើកឡើងរបស់លោកមេបញ្ជាការ មេបញ្ជាការកងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន និងមតិចូលរួមរបស់មន្ទីរជំនាញនិងអង្គភាព ស្ថាប័ន្ធពាក់ព័ន្ធ អំពីបញ្ហាប្រឈមមួយចំនួនពិសេសដំណើរចេញ ចូលរបស់ពលករខ្មែរតាមច្រកផ្លូវលេខ៥៦ថ្មដាសព្វថ្ងៃនេះ ភាគីថៃបានផ្អាកបិទការចេញ ចូលដោយឯកតោភាគី (ពុំមានមូលហេតុ ឬជូនដំណឹងមកខាងភាគីកម្ពុជាយើងឡើយ) ពោលគឺភាគីថៃមានការរឹតបន្តឹងខ្លាំង។ ចំពោះទំនិញដែលបម្រើឲ្យជីវភាពប្រជាពលរដ្ឋនៅឃុំថ្មដានោះ គឺត្រូវបានដឹកយកមកផ្ទេរនៅខ្សែបន្ទាត់ព្រំដែន (ខាងទឹកដីកម្ពុជា)។

លោក ហៀប ឃួន បានជំរាបជូនថាថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណ:កម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ដែលមានលោកសន្តិបណ្ឌិតនេត សាវឿន ឧបនាយករដ្ឋមន្ត្រីជាប្រធាន និងលោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានប្រចាំការ និងមានអនុប្រធាននិងសមាជិកចំនួន១១រូបទៀត។

គណ:កម្មការនេះ មានភារកិច្ចតាមដាននិងត្រួតពិនិត្យការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ភាពមិនប្រក្រតី និងបាតុភាពផ្សេងៗក៏ដូចជាបញ្ហាប្រឈមនានា ចំពោះពលករខ្មែរក្នុងការចេញ ចូលនិងឆ្លងកាត់ព្រំដែនព្រមមានភារកិច្ចសំខាន់ៗជាច្រើនទៀតផងដែរ។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានក្រើនរំលឹកនិងតម្រង់ទិសដល់កងកម្លាំងនិងសមត្ថកិច្ចដែលឈរជើងតាមផ្លូវច្រកព្រំដែនគឺត្រូវបង្កលក្ខណ:ងាយ
ស្រួលដល់ពលករខ្មែរ ដូចជាឥរិយាបថ ពាក្យសំដី និងហាមការដាច់ខាតការទារប្រាក់ពីពលករខ្មែរ។ ត្រូវខិតខំបង្កើនកិច្ចទំនាក់ទំនងល្អ និងធ្វើការសម្របសម្រួលជាមួយភាគីថៃ និងផ្តល់ព័ត៌មានត្រឡប់មកវិញជម្រាបជូនប្រជាពលរដ្ឋខ្មែរទាន់ពេលវេលា ក្នុងករណីភាគីថៃមានការប្រែប្រួលដំណើរចេញ ចូលខុសពីប្រក្រតី។

ដោយឡែក ចំពោះការសុំបើកច្រកទ្វារព្រំដែនលេខ៥៦នោះ ថ្នាក់ដឹកនាំខេត្តតែងព្យាយាមចិញ្ចឹមចិត្តធ្វើការទំទាក់ទំនងជាមួយភាគីថៃ តាមគ្រប់យន្តការឲ្យខាងតែបានដើម្បីបម្រើផលប្រយោជន៍ប្រជាជន នៃប្រទេសទាំងពីរ ពិសេសប្រជាជនកម្ពុជា៕

ដោយសេង ប៊ុនធឿន