ព័ត៌មានជាតិ

ម្ចាស់សិប្បកម្មត្រីងៀតខេត្តកំពង់ធំ អះអាងថា ការផលិតដែលស្របតាមស្តង់ដាអនាម័យគឺ ងាយរកទីផ្សារ និងមុខរបរមានលំនឹង

image


កំពង់ធំ៖ ម្ចាស់សិប្បកម្មត្រីងៀតកាន់តែច្រើនឡើង បានចាប់ផ្តើមងាកមកចាប់អារម្មណ៍ក្នុងការផលិតម្ហូបអាហារដែលស្របតាមស្តង់ដាសុវត្ថិភាពចំណីអាហារ។ ការណ៍នេះ គឺជាទំនុកចិត្តដល់អតិថិជន និងធ្វើឱ្យមុខរបររីកចម្រើន ដោយអាចប្រកួតប្រជែងជាមួយទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។

លោក សួង សោភ័ណ ម្ចាស់សិប្បកម្មផលិតត្រីងៀត នៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានឱ្យដឹងថា កាលពីមុនលោកបានផលិតត្រីងៀតតាមបែបសម័យបុរាណ តពីឪពុកម្តាយ មកជាផលិតបែបថ្មីដែលស្របតាមស្តង់ដាផលិតផលម្ហូបអាហារមានសុវត្តិភាពខ្ពស់ បានធ្វើឱ្យសិប្បកម្មរបស់លោកកំពុងរីកចម្រើន និងមានការជឿជាក់ពីអតិថិជនកាន់តែច្រើនឡើង ទាំងក្នុងស្រុក និងក្រៅប្រទេស។

លោក សួង សោភ័ណ បានបញ្ជាក់ថា ចាប់តាំងពីលោកបានផលិតត្រីងៀតមានស្តង់ដាអនាម័យមក លោកអាចរកចំណូលបានច្រើនជាមុនឆ្ងាយ ដោយសារតែបានអនុវត្តតាមគម្រោងមួយរបស់អង្គការ UNIDO ប្រចាំប្រទេសកម្ពុជា ដែលឧបត្ថម្ភថវិការដោយសហភាពអឺរ៉ុប ផ្តោតលើគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFish-Capture) អនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧហ្សាហកម្ម(UNIDO) ហើយប្រការនេះបានជំរុញឱ្យលោកអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារបានយ៉ាងខ្ជាប់ខ្ចួន។

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ “ត្រីងៀតដែលខ្ញុំបានយកមកធ្វើមានពីរប្រភេទគឺ ត្រីរ៉ស់ និងត្រីឌៀប ដែលពេលខ្លះបានមកពីធម្មជាតិ និងត្រីចិញ្ចឹម។ ខ្ញុំអនុវត្តបានស្តង់ដានេះដោយសារបានប្រែក្លាយបរិវេណផ្ទះមានអនាម័យល្អ ពិសេសមានរោងសម្ងួតប្រើដោយពន្លឺព្រះអាទិត្យ ដែលមានកំដៅខ្ពស់ធ្វើឱ្យហាលស្ងួតល្អ គ្មានរុយរោម ការវេចខ្ចប់ ការទុកដាក់ប្រកបដោយអនាម័យខ្ពស់ជាដើម”។

លោក សួង សោភ័ណ បានឱ្យដឹងដែរថា សិប្បកម្មរបស់លោកបានកកើតឡើងចាប់តាំងតែពីឆ្នាំ២០១១។ បច្ចុប្បន្នសិប្បកម្មរបស់លោកមិនត្រឹមតែផលិតត្រីងៀតប៉ុណ្ណោះទេ ក៏បានពង្រីកផលិតជាប្រហុក និងត្រីឆ្អើរថែមទៀត។ ជាមធ្យមលោកអាចលក់ផលិតផលកែច្នៃពីត្រីចន្លោះពី៥០០ ទៅ៧០០គីឡូក្រាម ក្នុងមួយខែៗ។ សម្រាប់ងៀតត្រីរ៉ស់ មានតម្លៃជាមធ្យម ២៨០០០ ដល់៣០០០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃទីផ្សារក្នុងស្រុក។

ពាក់ព័ន្ធនឹងសិប្បកម្មត្រីងៀតនេះ លោក សេតធី ស៊ីថារ៉ាម៉ាថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការយូនីដូ(UNIDO) បានឱ្យដឹងថា ផលិតផលក្រោយប្រមូលផលស្តីពី អាហារសុវត្ថិភាព រួមមាន ត្រីឆ្អើរ ត្រីងៀត ទឹកត្រី និងបង្គារក្រៀម គឺពិតជាមានសារៈសំខាន់ណាស់ក្នុងប្រកួតប្រជែងជាមួយផលិតផលក្នុងស្រុក និងប្រទេសជិតខាង ហើយអាហារសុវត្ថិភាពនេះ នឹងត្រូវយកទៅប្រកួតប្រជែងនៅលើទីផ្សារជាតិ អន្តរជាតិ រួមទាំងសហភាពអឺរ៉ុបទៀតផង។ ដូច្នេះទាមទារឱ្យម្ចាស់សិប្បកម្មមានអនាម័យខ្ពស់ ស្របតាមស្តង់ដាសុវត្ថិភាពម្ហូបអាហារ។ លោកបានសង្កេតឃើញថា ម្ចាស់សិប្បកម្មកាន់តែច្រើនឡើងបានងាកមកកែច្នៃផលិតផលម្ហូបអាហារមានស្តង់ដា និងមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ ព្រោះមនុស្សម្នាក់ៗសុទ្ធតែត្រូវការម្ហូបអាហារដែលមានសុវត្ថិភាព បើអ្នកផលិតមិនមានសុវត្ថិភាព អ្នកបរិភោគក៏មិនសុវត្ថិភាពដែរ។

កន្លងមកគម្រោង CAPFish-Capture ក្រោមថវិកាគាំទ្រដោយ សហភាពអឺរ៉ុប បានគាំទ្រដល់សហគ្រាសធនុតូចចំនួន២៨ ជាជំនួយបច្ចេកទេស និងសម្ភារបរិក្ខារទៅដល់សហគ្រាសនីមួយៗដែលមានតម្លៃចាប់ពី ២៥ ០០០ដុល្លារ ដល់ ១០០ ០០០ដុល្លារ ដើម្បីកែលម្អប្រតិ្តបត្តិការអាជីវកម្ម និងអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ (CQS)។ មកទល់ពេលនេះ សហគ្រាសចំនួន៨ ទទួលបាន CQS ក្នុងនោះ CQS ពេញលេញចំនួន៤ និង CQS ធម្មតាចំនួន៤។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្សគ្រប់រូប។ ការណ៍នេះរដ្ឋបាលជលផល បានសហការជាមួយភាគីពាក់ព័ន្ធ ជំរុញឱ្យអាជីវកម្ម និងសិប្បកម្មនានាផលិតម្ហូបអាហារឱ្យមានសុវត្ថិភាព ដែលមានស្តង់ដា លក់ក្នុងតម្លៃសមរម្យឱ្យអ្នកប្រើប្រាស់មានលទ្ធភាពទិញបរិភោគ ដើម្បីកាត់បន្ថយការចំណាយ ទើបអាចប្រកួតប្រជែងនៅលើទីផ្សារជាតិ និងអន្តរជាតិបាន។

សូមបញ្ជាក់ថា មានសិប្បកម្មចំនួន២៨ បានអនុវត្តតម្រូវការអប្បបរមា សុវត្តិភាពម្ហូបអាហារនិមិត្តសញ្ញាបញ្ជាក់គុណភាពផលិតផលកម្ពុជា(CQS) រួចហើយ។ សម្រាប់សហគ្រាសចំនួន ១៦ បានត្រៀមលក្ខណៈរួចរាល់សម្រាប់សវនកម្ម CQS និង HACCP ក្នុងខែមេសា ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទ៖ គង់ ប៊ុនណា
រូបភាព៖ កែវ ភិរុណ