ព័ត៌មានជាតិ

ជនជាតិដើមភាគតិចប្រេស៊ីល អបអរសាទរ នៅពេលតុលាការចេញច្បាប់គាំទ្រសិទ្ធិដីធ្លីតាំងពីដូនតា

image


ប្រេស៊ីល៖ ជនជាតិដើមភាគតិចរបស់ប្រទេសប្រេស៊ីល បាននាំគ្នាប្រារព្ធពិធីអបអរសាទរ បន្ទាប់ពីសំឡេងភាគច្រើននៅក្នុងតុលាការកំពូលប្រេស៊ីល បានបោះឆ្នោតប្រឆាំងនឹងការកំណត់នៃកាលបរិច្ឆេតដែលដាក់កម្រិតចំពោះជនជាតិដើមភាគតិចក្នុងការទាមទារទឹកដីដូនតា ។

មុនពេលការអបអរបានធ្វើឡើង បាតុករជាជនជាតិដើមភាគតិច បានមកជួបជុំគ្នានៅខាងក្រៅតុលាការកំពូលក្នុងរដ្ឋធានីប្រេស៊ីលឡា (Brasilia) ដោយរង់ចាំការបោះឆ្នោតទៅលើច្បាប់ដែលពាក់ព័ន្ធនឹងការបំបិទសិទ្ធិជនជាតិដើមដែលមិនបានរស់នៅលើដីដូនតាក្នុងឆ្នាំ ១៩៨៨ ។

តុលាការបាននិយាយថា មន្ត្រីយុត្តិធម៌ ៩ នាក់ក្នុងចំណោម ១១ នាក់បានច្រានចោលនូវកាលបរិច្ឆេទកំណត់សិទ្ធិទាមទារដីរបស់ជនជាតិដើមភាគតិច ព្រោះថា វាប្រឆាំងនឹងការធានាដោយរដ្ឋធម្មនុញ្ញស្តីពីសិទ្ធិជនជាតិដើមភាគតិចក្នុងការទាមទារទឹកដីដូនតារបស់ពួកគេ។ ចៅក្រមពីររូបក្នុងចំណោមនោះ បានបោះឆ្នោតយល់ព្រមឱ្យមានកាលបរិច្ឆេទដែនកំណត់ ដើម្បីបញ្ចប់បញ្ហាជម្លោះដីធ្លី និងផ្តល់សន្តិសុខដល់បណ្តាកសិករចំពោះបញ្ហាដីដែលបានដោះស្រាយក្នុងរយៈពេលជាច្រើនឆ្នាំ ។

ដំណាលគ្នានេះ មេដឹកនាំជនជាតិដើមភាគតិចបាននិយាយថា សេចក្តីសម្រេចរបស់តុលាការកំពូល ពិតជាមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហានៃការទាមទារឱ្យមានការទទួលស្គាល់ដីធ្លីមិនទាន់សម្រេចចំនួន ៣០០ ទីតាំង ដោយនឹងការពារសហគមន៍របស់ពួកគេពីក្រុមអ្នកទន្ទ្រានយកដី ការលុកលុយដោយអ្នកកាប់ឈើខុសច្បាប់ និងក្រុមអ្នកជីករ៉ែមាសជាដើម ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect