អាឡឺម៉ង់ប្រកាសទិញកំពង់ផែរបស់ក្រុមហ៊ុនសាងសង់កប៉ាល់ក្នុងស្រុកមួយដើម្បីដាក់បម្រើដល់វិស័យយោធា
អាឡឺម៉ង់៖ កងទ័ពជើងទឹកអាឡឺម៉ង់ទើបប្រកាសទទួលបានទីតាំងកំពង់ផែយោធាដ៏ធំថ្មីមួយរបស់ក្រុមហ៊ុនសាងសង់កប៉ាល់ វ៉នណោវើហ្វ (Warnowerft) ក្នុងតំបន់ទីក្រុងរ៉ូស្តុក ប៉ែកខាងជើងប្រទេសអាឡឺម៉ង់ជាប់នឹងដែនទឹកសមុទ្របាល់ទិក ដែលនឹងត្រូវប្រើប្រាស់ដើម្បីបម្រើដល់បេសកកម្មការងាររបស់កងនាវាជើងទឹកអាឡឺម៉ង់ ក៏ដូចជាបេសកកម្មការងាររបស់កងនាវាជើងទឹកក្រុមប្រទេសសម្ព័ន្ធមិត្តណាតូនៅក្នុងតំបន់ ឱ្យកាន់តែមានភាពងាយស្រួលថែមទៀត។
មន្រ្តីមេបញ្ជាការកងទ័ពជើងទឹកអាឡឺម៉ង់មួយរូបបានឱ្យបានដឹងថា តាមរយៈកំពង់ផែថ្មីនេះ កងនាវាជើងទឹកអាឡឺម៉ង់ និងកងនាវាជើងទឹករបស់ក្រុមប្រទេសសម្ព័ន្ធមិត្តនឹងអាចទទួលបានការពិនិត្យជុលជួសនិងថែទាំផ្នែកគ្រឿងបរិក្ខារ និងបច្ចេកទេសប្រព័ន្ធគ្រប់គ្រងផ្សេងៗ ដើម្បីធានាដល់សុវត្ថិភាពក្នុងការធើ្វនាវាចរណ៍ ក៏ដូចជាធានាដល់សមត្ថភាពបេសកកម្មរបស់ខ្លួនទៀតផង។
គួរបញ្ជាក់ជូនថា អង្គការណាតូបានកំណត់យកទីក្រុងរ៉ូស្តុក របស់ប្រទេសអាឡឺម៉ង់ ជាទីតាំងសម្រាប់ការដាក់ពង្រាយទ័ពដ៏សំខាន់មួយក្នុងចំណោមទីតាំងយុទ្ធសាស្រ្តផ្សេងៗទៀត ដើម្បីបំពេញបេសកកម្មយោធានានាដែលចំាបាច់សម្រាប់ជាកិច្ចពង្រឹងសន្ដិសុខនិងស្ថិរភាពនៅក្នុងតំបន់។ ក្រៅតែពីទីតាំងកំពង់ផែយោធា អាឡឺម៉ង់ក៏នៅមានទីតាំងឃ្លាំងសព្វាវុធសម្រាប់កងនាវាជើងទឹកជាច្រើនកន្លែងផ្សេងទៀតដែលស្ថិតនៅក្បែរទីក្រុងរ៉ូស្តុកផងដែរ ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect