ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិនចុះពិនិត្យដំណើរការអាជីវកម្មនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយក្នុងតំបន់ខេត្តភាគខាងកើត

image


ចិន៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង បានអញ្ជើញទៅពិនិត្យមើលស្ថានការណ៍អាជីវកម្មរបស់ពលរដ្ឋនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយក្នុងទីក្រុងអ៊ីអ៊ូ (Yiwu) ខេត្តចើជាំង (Zhejiang) ភាគខាងកើតប្រទេសចិន កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបរបបរស់នៅរបស់ពលរដ្ឋក្នុងតំបន់ ជុំវិញកិច្ចការងារជំរុញកំណើនពាណិជ្ជកម្មបរទេសជាមួយបណ្តាដៃគូនានា។

គេបានចាត់ទុកថា មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ អ៊ីអ៊ូ ជាមជ្ឈមណ្ឌលលក់ទំនិញបោះដុំនិងរាយដ៏ធំជាងគេបំផុតក្នុងពិភពលោក ដែលបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ និងធ្លាប់បានឆ្លងកាត់ការកែច្នៃ ច្នៃប្រឌិត និងពង្រីកបន្ថែមចំនួន១០លើក។ មជ្ឈមណ្ឌលនេះ មានទីតាំងស្ថិតនៅលើផ្ទៃដីជាង៦លានម៉ែត្រការ៉េ ឬប្រហែល គីឡូម៉ែត្របួនជ្រុង និងមានផលិតផលលក់សរុបប្រមាណជាង២លានមុខទំនិញ ដោយចែកចេញជា២៦ប្រភេទខុសៗគ្នា។

ផ្សារពាណិជ្ជកម្មអន្តរជាតិនេះ បានជួយជំរុញដល់ការអភិវឌ្ឍន៍មួយកម្រិតសម្រាប់សហគ្រាសធុនតូច និងមធ្យមចំនួន២លានស្ថាប័ន/ក្រុមហ៊ុន និងបានផ្តល់ឱកាសការងារសម្រាប់មនុស្សចំនួន៣២លាននាក់ ដោយបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញដំណើរការសេដ្ឋកិច្ចនៅក្នុងតំបន់។

បើយោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលចិន បានឱ្យដឹងថា ដំណើរការនៃទំហំអាជីវកម្មនៅក្នុងផ្សារពាណិជ្ជកម្មអន្តរជាតិអ៊ីអ៊ុ មានចំនួនសរុបរហូតដល់ ២០០ពាន់លានយ័ន ឬប្រមាណជា ២៧.៣៨ពាន់លានដុល្លារអាម៉េរិកសម្រាប់ឆ្នាំ ២០២២ ហើយនេះគឺជាចំនួនមួយដ៏ច្រើនបើធៀបនឹងបណ្តាទីផ្សារពាណិជ្ជកម្មអន្តរជាតិធំៗដទៃទៀតនៅលើពិភពលោក ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect