រយៈពេលជិត៩ខែដេីមឆ្នាំនេះ កម្លាំងស្នងការនគរបាលខេត្តក្រចេះ បង្រ្កាបករណីគ្រឿងញៀនបាន៦៩ករណី និងបានឃាត់ខ្លួនមនុស្ស១១៩នាក់

ក្រចេះ៖ រយៈពេលជិត៩ខែ ដើមឆ្នាំ២០២៣ ពោលគឺគិតចាប់ពីថ្ងៃ១ ខែមករា ដល់ថ្ងៃទី២០ ខែកញ្ញា, ករណីជួញដូរ រក្សាទុក និងប្រេីប្រាស់ នូវសារធាតុញៀនដែលកម្លាំងនគរបាល ទូទាំងក្រុង ស្រុក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានធ្វេីបង្រ្កាបចំនួន៦៩ករណីនិង ឃាត់ខ្លួនមនុស្សបានចំនួន១១៩នាក់ ក្នុងនោះមានស្រី១៣នាក់។
វរសេនីយ៍ឯក ស៊ាង សុភ័ក្រ្ត ស្នងការរងនគរបាលខេត្តក្រចេះ បានប្រាប់ CNC ថា ការបង្ក្រាបបាននូវ ករណីជួញដូរ រក្សាទុក នូវសារធាតុញៀនទាំង៦៩កណេីនេះគឺ ដកហូតវត្ថុតាងបានរួមមាន គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ២៩៨ កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១៥ គ្រឿង, ម៉ូតូចំនួន ២៧ គ្រឿង, ទូរស័ព្ទចំនួន៧០ គ្រឿង, កាំភ្លើង AK ចំនួន២ ដេីម, ប្រាក់រៀលចំនួន ២.១០២.៥០០រៀល, ថង់សម្រាប់រំលែកគ្រឿងញៀន និង ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។
វរសេនីយ៍ឯក ស៊ាង សុភ័ក្រ្ត បានបន្តថា ក្នុងការចុះបង្រ្កាបកណេីគ្រឿងញៀនទាំងអស់ខាងលេីនេះ គឺមាន ការយកចិត្តទុកដាក់ និងដឹកនាំ កម្លាំងដោយលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ។
វរសេនីយ៍ឯក ស៊ាង សុភ័ក្រ្ត បានបញ្ជាក់ទៀតថា តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ឲ្យមន្ត្រីនៅតែបន្តក្នុងការបង្ក្រាប។ ជាក់ស្ដែងនៅថ្ងៃទី ២១ និង២២ ខែកញ្ញា ឆ្នាំ ២០២៣ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបង្ក្រាបករណីគ្រឿងញៀនបានចំនួន ៤ ករណីបន្ថែមទៀត និងឃាត់ខ្លួននមនុស្ស ចំនួន១២នាក់ និងគ្រឿងញៀនចំនួន ២៩ កញ្ចប់ ហើយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ក៏បានបញ្ជូនទៅតុលាការរួចហេីយដែរ៕
ដោយ សារី ណែត



















