ជប៉ុន-កម្ពុជា ពង្រឹងសមត្ថភាព ប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ

អត្ថបទ៖ វឿន សាវុធ
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន សង្ឃឹមថា កម្មវិធីបណ្តុះបណ្តាល ស្តីពី«បច្ចេកទេសស៊ើបអង្កេតបទលើ្មសរំលាភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងបទល្មើសបច្ចេកវិទ្យា (OCSAE/Cybercrime) សម្រាប់ស្ថាប័នអនុវត្តច្បាប់ (LEA) រួមទាំងវដ្តនៃភស្តុតាងអេឡិចត្រូនិកពីចម្ងាយ ចាប់ពីការកំណត់អត្តសញ្ញាណ រហូតដល់ការរាយការណ៍នៅក្នុងតុលាការសម្រាប់ (LEA)»នឹងជួយដល់ការកសាងសមត្ថភាពរបស់មន្ត្រីដែលប្រឈមជាមួយបទល្មើសបច្ចេកវិទ្យានៅជួរមុខ ដើម្បីដោះស្រាយបទល្មើសបច្ចេកវិទ្យានានានៅកម្ពុជា។
ស្ថានទូតជប៉ុននៅកម្ពុជា បានឲ្យដឹងថា ការណ៍នេះធ្វើឡើងកាលពីពេលថ្មីៗនេះ
ដោយមានការអញ្ជើញចូលរួមពីលោកស្រី MIYOSHI Asagi ទីប្រឹក្សាអមស្ថានទូតជប៉ុន លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលបាលជាតិកម្ពុជានៅក្រសួងមហាផ្ទៃ និង លោក Julian Francisco Millan Platero មន្ត្រីកម្មវិធី (បទល្មើសបច្ចេកវិទ្យា) នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) ព្រមទាំងអ្នកពាក់ព័ន្ធមកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគបាលជាតិ នៅក្រសួងមហាផ្ទៃផងដែរ។
ប្រទេសជប៉ុន និង UNODC បាននិងកំពុងបន្តសហការគ្នាក្នុងការរក្សាច្បាប់ និងរបៀបរៀបរយ ដោយផ្អែកលើនីតិរដ្ឋ សិទ្ធិមនុស្ស សន្តិភាព និងយុត្តិធម៌។ វាមានតម្រូវការជាបន្ទាន់ដើម្បីដោះស្រាយបទល្មើបច្ចេកវិទ្យានៅប្រទេសកម្ពុជា ដែលបានកើនឡើងយ៉ាងឆាប់រហ័សក្នុងកំលុងពេលឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។ នេះជាការបញ្ជាក់របស់ស្ថានទូតជប៉ុន៕



