ប្រទេសកុងហ្គោសង្ឃឹមរកបានតម្រុយរបស់បណ្តាញក្រុមប្រដាប់អាវុធរដ្ឋឥស្លាមពីស្រ្តីដែលធ្លាប់រងការចាប់ជំរិត

កុងហ្គោ៖ ស្ថានភាពនៃការរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍នៅតាមតំបន់ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហាក់ស្ថិតក្រោមភាពញាំញីដោយសារតែករណីវាយប្រហារដោយហិង្សាប្រដាប់អាវុធពីសំណាក់ក្រុមចលនាតស៊ូដែលហៅខ្លួនឯងថា “ជាកងកម្លាំងសាមគ្គីដើម្បីប្រជាធិបតេយ្យ” (ADF) និងធ្លាប់បានសច្ចាភាពស្មោះស្ម័គ្រជាមួយក្រុមរដ្ឋឥស្លាមផងនោះ ខណៈនេះក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានរកឃើញថា ពួកគេបានទទួលជំនួយដោយផ្ទាល់ពីក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅក្នុងការបះបោរអស់រយៈពេលជាច្រើនឆ្នាំ។
ជារឿយៗ ក្រុមជ្រុលនិយម (ADF) តែងធើ្វសកម្មភាពវាយប្រហារទៅលើភូមិស្រុករបស់ពលរដ្ឋ និងទីតាំងយោធានៅក្នុងប្រទេសកុងហ្គោ ដែលមានប្រភពចេញមកពីចលនាបះបោរនៅក្នុងប្រទេសអ៊ូហ្គង់ដាអំឡុងសទវត្សរ៍ទី៩០ ក្រោយមកយោធារបស់រដ្ឋាភិបាលអ៊ូហ្គង់ដាបានវាយបំបាក់ឱ្យបែកខ្ញែក មុនពេលពួកគេបន្តរត់ភៀសខ្លួនចូលមកក្នុងទឹកដីរបស់ប្រទេសកុងហ្គោ។
ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ការវាយប្រហាររបស់ក្រុមជ្រុលនិយម (ADF) ទៅលើសហគមន៍រស់នៅរបស់ពលរដ្ឋកុងហ្គោនៅតាមតំបន់ភាគខាងកើត បានសម្លាប់មនុស្សជាច្រើនពាន់នាក់ និងជាច្រើនរយនាក់ផ្សេងទៀតត្រូវបានចាប់ជំរិត។
ក្នុងនោះដែរក៏មានស្រ្តីវ័យក្មេងម្នាក់ដែលទើបទទួលបានសេរីភាព ប៉ុន្តែនាងបានបន្តមកស្ថិតនៅក្រោមការឃុំខ្លួនជាបណ្តោះអាសន្ន ដោយយោធាកុងហ្គោ ដើម្បីសាកសួរព័ត៌មានបន្ថែម បន្ទាប់ពីនារីរងគ្រោះចំណាយពេលជាង ២ ឆ្នាំជាមួយក្រុមឧទ្ទាមនៅក្នុងព្រៃ ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រមួយរូប ទទួលបានការអនុញ្ញាតឱ្យចូលទៅជួបសម្ភាសន៍ដោយផ្ទាល់ជាមួយស្រ្តីរងគ្រោះឈ្មោះ Mariam ដោយនាងបានរៀបរាប់ប្រាប់អំពីបទពិសោធន៍ដែលធ្លាប់បានជួបប្រទះ អំឡុងការរស់នៅជាមួយក្រុមជនឧទ្ទាមប្រដាប់ដោយអាវុធ (ADF) ថា ពួកគេមានផ្នត់គំនិតមនោគមន៍ជ្រុលនិយមខ្លាំង រហូតអាចជំរុញឱ្យសមាជិកក្រុមមួយនេះហ៊ានលះបង់ទាំងអាយុជីវិតរបស់ខ្លួន ដើម្បីវាយប្រហារទៅលើសត្រូវ ។ ជាក់ស្តែង Mariam ធ្លាប់បានស្តាប់លឺអំពីការវាយប្រហារដោយគ្រាប់បែកអត្តឃាតចំនួនពីរលើករបស់សមាជិកក្រុម (ADF) ក្នុងអំឡុងការប្រយុទ្ធគ្នាជាមួយកងកម្លាំងរដ្ឋាភិបាលកុងហ្គោ ។
ដោយឡែក មន្រ្តីអ្នកនាំពាក្យកងទ័ពកុងហ្គោ លោក Antony Mwalushay បានបញ្ជាក់ប្រាប់រ៉យទ័រថា គេសង្ឃឹមថានឹងទទួលបានតម្រុយបន្ថែមអំពីសកម្មភាពប្រតិបត្តិការនានារបស់ក្រុមឧទ្ទាម (ADF) ពី Mariam ដើម្បីជួយទៅដល់បេសកកម្មប្រឆាំងភេវេកម្មរបស់រដ្ឋាភិបាលកុងហ្គោទៅលើបណ្តាញរបស់ក្រុមប្រដាប់អាវុធរដ្ឋឥស្លាមមួយនេះ ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect




