សង្គម

អាជ្ញាធរខេត្តកំពង់ធំ ហាមក្រុមហ៊ុន ហង់ សុគន្ធ មិនឱ្យចូលទៅគ្រប់គ្រង តម្លើងស្ថានីយបូមទឹក និងគ្រឿងចក្រជីកស្ដារប្រឡាយទឹកព្រះគន្លង និងព្រះស្នែង

image


កំពង់ធំ៖ ទំនងជាទទួលបានលិខិតស្នើរសុំរបស់ក្រុមហ៊ុន លោក ហង់ សុគន្ធ ដាក់ជូនរដ្ឋបាលខេត្តកំពង់ធំ ដើម្បីសុំធ្វើការគ្រប់គ្រង់ស្ថានីយបូមទឹក និងជីកស្ដារប្រឡាយ នៅចំណុចព្រះគន្លង និងព្រះស្នែង ក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ជាថ្មីឡើងវិញ ទើបថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ធំ បានចេញលិខិតមួយច្បាប់ ប្រាប់លោក ហង់ សុគន្ធ ដោយមិនអនុញ្ញាតឲ្យក្រុមហ៊ុនខាងលើចូលទៅគ្រប់គ្រងស្ថានីយបូមទឹកព្រះស្នែង និងព្រះគន្លង និងបញ្ចុះគ្រឿងចក្រដើម្បីរៀបចំក្បាលប្រឡាយ ស្ដារប្រឡាយទឹកទាំងពីរនេះឡើងវិញនោះទេ។

យោងលិខិតរបស់រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា លោក ហង់ សុគន្ធ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មិនអនុញ្ញាតឲ្យចូលទៅគ្រប់គ្រង់ស្ថានីយបូមទឹកព្រះគន្លង និងព្រះស្នែង និងបញ្ចុះគ្រឿងចក្រដើម្បីរៀបចំក្បាលប្រឡាយ ស្ដារប្រឡាយទឹកទាំងពីរខាងលើនេះ ដែលស្ថិតក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ខ្លឹមសារដដែលបានបញ្ជាក់ថា យោងលិខិតស្នើរសុំទី១ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ របស់លោក ហង់ សុគន្ធ និងលិខិតទី២ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ របស់លោក ហង់ សុគន្ធ ដដែល និងយោងស្មារតីអង្គប្រជុំរបស់រដ្ឋបាលខេត្តកំពង់ធំ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំ បានប្រាប់លោក ហង់ សុគន្ធ ថា ចំពោះការជូនដំណឹងរបស់លោក ស្ដីពីការទៅគ្រប់គ្រងស្ថានីយ ព្រះស្នែង និងព្រះគន្លង និងបញ្ចុះគ្រឿងចក្រដើម្បីរៀបចំក្បាលប្រឡាយ ស្ដារប្រឡាយទាំងពីរ ក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រដ្ឋបាលខេត្តកំពង់ធំ មិនអនុញ្ញាតឲ្យ លោក ហង់ សុគន្ធ ចូលទៅគ្រប់គ្រង និងស្ដារប្រឡាយឡើងវិញទេ ពីព្រោះផ្អែកតាមលិខិតលេខ៧៧ ស ជ ណ.ដប ចុះថ្ងៃទី១៧ ខែមករា ២០២៣ របស់ទីស្ដីការគណ:រដ្ឋមន្ត្រី នៅត្រង់ចំណុចទី៣ បានចែងថា ប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់គ្រងអាងភ្លេចទឹក និងប្រឡាយជើងក្អែបសម្រួលទឹចូលស្រែប្រជាកសិករ។

ទន្ទឹមនឹងការចេញលិខិតឆ្លើយតប បដិសេធរបស់រដ្ឋបាលខេត្តកំពង់ធំ កន្លងមកប្រជាពលរដ្ឋដែលអាស្រ័យប្រើប្រាស់ប្រឡាយទឹកព្រះគន្លង និងព្រះស្នែង ក្នុងតំបន់ខាងលើធ្លាប់បានត្អួញត្អែរ និងព្រួយបារម្ភប្រាប់អ្នកយកព័ត៌មាន CNC កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ថា ពួកគាត់មិនពេញចិត្ត និងមិនឯកភាពឲ្យក្រមហ៊ុន ហង់ សុគន្ធ ត្រូវទៅតម្លើងស្ថានីយបូមទឹកឡើងវិញទេ ដោយតំណាងពលរដ្ឋបានលើកឡើងថា កន្លងមកក្នុងពេលក្រុមហ៊ុនឯកជននេះគ្រប់គ្រង ផ្គត់ផ្គង់ទឹកឲ្យកសិករមិនគ្រប់គ្រាន់ មិនអនុវត្តតាមគោលការណ៍ ហើយទារកម្រៃសេវាផ្គត់ផ្គងទឹកច្រើនពេក។ ដោយបញ្ហាអសកម្មនេះ ទើបកសិករនាំគ្នាតវ៉ាស្នើរឲ្យអាជ្ញាធរខេត្តកំពង់ធំដកហូតសិទ្ធផ្គត់ផ្គង់ទឹករបស់ក្រុមហ៊ុនចេញ ហើយកសិករជាអ្នកកាន់កាប់គ្រប់គ្រងរយៈពេលជាង២ឆ្នាំហើយ។

ទាក់ទិននឹងការដាក់ពាក្យស្នើរសុំសិទ្ធចូលទៅគ្រប់គ្រង និងតម្លើងស្ថានីយបូមទឹកសារជាថ្មីនេះ ត្រូវបានប្រភពស្និត សុំមិនឲ្យបញ្ចេញឈ្មោះបានបង្ហើយឲ្យដឹងថា ករណីនេះធ្វើឡើងបន្ទាប់ពីទទួលដំណឹងថា រដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាទិញផ្ដាច់ស្ថានីយបូមទឹក និងប្រឡាយឯកជនក្នុងខេត្តមួយចំនួន ដើម្បីយកមកគ្រប់គ្រង ក្នុងការរួមចំណែកកាត់បន្ថយការចំណាយរបស់កសិករ ទើបលោក ហង់ សុគន្ធ ចាប់ផ្ដើមប្រមូលគ្រឿងយន្តចាស់ៗមកតម្លើងនៅស្ថានីយព្រះគន្លង និងព្រះស្នែង ដើម្បីត្រៀមដាក់លក់ឡៃឡុង។

ក្នុងលិខិតមិនអនុញ្ញាតឲ្យក្រុមហ៊ុន ហង់ សុគន្ធ ចូលទៅគ្រប់គ្រងស្ថានីយចាស់នេះ នៅត្រង់ចំណុចទី៦ នៃ ស ជ ណ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ចែងទិញផ្ដាច់ស្ថានីយបូមទឹកឯនជនចំនួន១៩ស្ថានីយ នៅទូទាំងខេត្តកំពង់ធំ ដែលកំពុងបូមទឹកលក់ឲ្យកសិករស្រោចស្រព ដោយប្រើប្រាស់ប្រឡាយរបស់រដ្ឋ ដើម្បីគ្រប់គ្រងក្នុងគោលដៅជួយកាត់បន្ថយចំណាយរបស់ប្រជាកសិករ។ និងចំណុចទី៧ ជូនក្រសួងធនធានទឹក និងឧតុនិយម ស្ដារអាងមេទឹក ប្រឡាយមេ និងប្រឡាយរង ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ សម្រាប់ជាប្រភពទឹកផ្គត់ផ្គង់ដល់ប្រជាកសិករ។

សូមបញ្ជាក់ថា កន្លងមកមានប្រភពព័ត៌មានមួយចំនួន បានលើកឡើងថា ច្រើនឆ្នាំហើយ ទោះក្រុមហ៊ុនចង់តម្លើងស្ថានីយ ដកម៉ាស៊ីន ឬដាក់ចេញចូល មិនដែលដាក់សំណើរទៅអាជ្ញារធរទេ ទើបតែពេលនេះ មានការវាយតម្លៃពីស្មារតីអង្គប្រជុំរបស់រដ្ឋបាលខេត្ត ទើបសម្រេចមិនអនុញ្ញាតឱ្យក្រុមហ៊ុនដំណើរការឡើងវិញ។ ទោះយ៉ាងណា ស្ថានីយបូមទឹករបស់ក្រុមហ៊ុន ហង់ សុគន្ធ នៅចំណុះប្រឡាយព្រះគន្លង និងព្រះស្នែង អាចទាញយកទឹកស្រោចស្របដីកសិកម្មបានប្រមាណជា ២០០០ហិចតា ហើយមានកសិករប្រមាណជាង ៣០០គ្រួសារ កំពុងអាស្រ័យផល ដោយពួកគាត់បានទិញម៉ាស៊ីនធំបូមទឹកដោយខ្លួនឯងប្រើប្រាស់រយៈពេល២ឆ្នាំមកហើយ៕

ដោយ៖ ស៊ុម ស៊ីថាវរី