អ្នកជំនាញកសិកម្មនៅខេត្តបាត់ដំបង ៖ កសិករគួរជ្រើសរើសយកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ខណៈបន្លែប្រភេទនេះកំពុងមានតម្រូវការខ្លាំងនៅលើទីផ្សារ និងអាចរកប្រាក់ចំណូលបានខ្ពស់
បាត់ដំបង៖ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលបានងាកមករកទទួលទានបន្លែ ដែល ដាំតាមបែបធម្មជាតិមិនមានដាក់សារជាតិគីមី ក្នុងការទ្រទ្រង់សុខភាពប្រចាំថ្ងៃនោះ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិ កម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE របស់មន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តបាត់ដំបង បានដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស លើការដាំដុះបន្លែក្នុងផ្ទះសំណាញ់ដល់ប្រ ជាកសិករនៅតាមតំបន់គោលដៅ ដើម្បីបង្កើននូវជីវភាពរស់នៅប្រចាំថ្ងៃឱ្យមានការរីកចម្រើនថែមទៀត ។
ប្រធានការិយាល័យកសិកម្មស្រុកសង្កែ លោក ឆែម ចន្ថា បានបញ្ជាក់ថា ក្រោមការឧបត្ថម្ភគាំទ្រពីកម្មវិធី ASPIRE របស់មន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តបាត់ដំបង ប្រជាកសិករដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ នៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ បាននិងកំពុងយកចិត្តទុកដាក់លើការដាំដុះបន្លែក្នុងផ្ទះសំណាញ់ជាបន្តបន្ទាប់ ដោយសារតែការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់នាពេលបច្ចុប្បន្ន កំពុងមានតម្រូវការខ្លាំងនៅលើទីផ្សារ និងអាចរកប្រាក់ចំណូលបានខ្ពស់ថែមទៀតផងហើយប្រជាកសិករគួរជ្រើសរើសយកការដាំបន្លែបែបនេះជាចម្បង ។
លោក ឆែម ចន្ថា បានបន្តថា សម្រាប់ស្រុកសង្កែ កម្មវិធី ASPIRE បានជួយគាំទ្រទៅលើក្រុមបណ្តុំរបស់ប្រជាកសិករនៅក្នុងស្រុកសង្កែ មានចំនួន៨ក្រុម ក្នុងនោះមានបណ្តុំបន្លែចំនួន៥ក្រុម បណ្តុំស្រូវចំនួន៣ក្រុម ហើយនៅឃុំវត្តតាមិម នេះ ជាក្រុមបណ្តុំផលិតកម្មលើដំណាំបន្លែ ដោយសារតែតំបន់នេះ មានលទ្ធភាពទឹកស្រោចស្រពមកពីប្រព័ន្ធទឹកប៊ួរខ្នា និងមានការទម្លាក់ទឹកពីទំនប់កង្ហតមកផង ជាពិសេសជាប្រព័ន្ធរក្សាទឹកបានច្រើន នៅក្នុងការធ្វើផលិតកម្មបន្លែ ទាំងរដូវប្រាំង និងរដូវស្សា ។
អ្នកស្រី រឿប វីតា ជាកសិករដាំបន្លែផង និងជាឈ្មួញកណ្តាលប្រមូលទិញបន្លែពីប្រជាកសិករផង រស់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម បានបញ្ជាក់ថា ក្រៅពីការដាំដំណាំបន្លែនៅជុំវិញគេហដ្ឋានរបស់ដូចជាសណ្តែកគួរ តាសក់ ពពាយ និងត្រប់នោះ អ្នកស្រី នៅបន្តការចុះប្រមូលទិញបន្លែគ្រប់ប្រភេទពីប្រជាកសិករនៅក្នុងភូមិផងរបងជាមួយ យកទៅលក់នៅលើទីផ្សារនានា ដែលការប្រមូលទិញនេះគឺជាការបង្ខិតទីផ្សារឲ្យនៅកៀកជិតនិងប្រជាពលរដ្ឋតែម្តង ។
លោកប្រធានការិយាល័យកសិកម្មស្រុកសង្កែ ឆែម ចន្ថា បានបញ្ជាក់ទៀតថា បច្ចេកទេសដាំដំណាំបន្លែក្នុងផ្ទះសំណាញ់ គឺជាបច្ចេកទេសដាំប្រកបដោយសុវត្ថិភាពបំផុត មិនមានសត្វល្អិតចូលបំផ្លាញ មិនប្រើប្រាស់ជីគីមីដើម្បីកំចាត់សត្វល្អិត និងដាំបានគ្រប់រដូវកាល ទទួលផលច្រើន ងាយស្រួលលក់ និងទទួលបានប្រាក់ចំណូលសមរម្យ ក្នុងការចិញ្ចឹមជីវភាពគ្រួសារផងដែរ ដែលប្រជាកសិករទូទៅគួរនាំគ្នាមកធ្វើផលិតកម្មលើបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ឱ្យបានច្រើន ព្រោះទីផ្សារបន្លែសុវត្ថិភាពមានតម្លៃខ្ពស់ ហើយតម្រូវការរបស់អ្នកបរិភោគបន្លែសុវត្ថិភាពក៏មានច្រើនផងដែរ ៕
ដោយ៖ គួយ គឹមស៊ន