កូរ៉េ បណ្តុះសហគ្រិនវ័យក្មេងកម្ពុជា ឲ្យចាប់ផ្តើមរីកចម្រើន និងពង្រីកអាជីវកម្ម តាមរយៈទិវាបណ្តាញ NICC

អត្ថបទ៖ វឿន សាវុធ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ទិវាបង្កើតបណ្តាញលើកទី៥នៃមជ្ឈមណ្ឌលជាតិ Incubation Center of Cambodia (NICC) បានប្រារព្ធធ្វើឡើង នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញការសន្ទនា និងតភ្ជាប់បណ្តាញសក្តានុពលនៃវិនិយោគិន និងទស្សនិកជនសាជីវកម្ម។
សូមជម្រាបថា សំណង់អគារ NICC និងសម្ភាររូបវ័ន្ធគឺជាជំនួយឥតសំណងរបស់អង្គការ KOICA ដើម្បីគាំទ្រដល់ការចាប់ផ្តើមអាជីវកម្មតាមរយ:នៃការបណ្តុះបណ្តាល ការណែនាំ ការប្រឹក្សា និងការគាំទ្រការច្នៃប្រឌិតបច្ចេកវិទ្យាជាដើម។ មជ្ឈមណ្ឌលនេះក៏ជាកន្លែងតភ្ជាប់រវាងសហគ្រិន អ្នកចាប់ផ្តើមអាជីវកម្ម និស្សិត និងសហគ្រាស ដើម្បីពិភាក្សាអំពីគោលបំណងស្វែងរកដំណោះស្រាយដ៏ល្អបំផុត។
ទិវាបណ្តាញ NICC បានក្លាយជាចំណុចប្រមូលផ្តុំដ៏សំខាន់មួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា សម្រាប់អ្នកចាប់ផ្តើមអាជីវកម្ម វិនិយោគិន និងស្ថាប័នពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា។
គម្រោងសាងសង់NICC មានទឹកប្រាក់សរុបចំនួន៧,៩១លានដុល្លារអាម៉េរិក។
ចក្ខុវិស័យរបស់ NICC គឺដើម្បីក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាព និងជាវេទិកាគំរូដ៏ល្អបំផុត ដើម្បីបណ្តុះសហគ្រិនវ័យក្មេងកម្ពុជាឲ្យចាប់ផ្តើមរីកចម្រើន និងពង្រីកអាជីវកម្មរបស់ពួកគេ៕




