ថៃឡង់ដ៍ ទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ១៩ លាននាក់នៅឆ្នាំនេះ

ថៃឡង់ដ៍៖ ប្រទេសថៃឡង់ដ៍បានកត់ត្រានូវចំនួនភ្ញៀវទេសចរបរទេសចំនួន ១៩ លាននាក់ គិតចាប់តាំងពីខែមករា រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះបើយោងតាមការបញ្ជាក់ពីក្រសួងទេសចរណ៍នៅសប្តាហ៍នេះ ។ ក្រសួងបានបន្ថែមទៀតថា វត្តមានមកដល់របស់ភ្ញៀវទេសចរបរទេស បានផ្តល់ប្រាក់ចំណូលមកកាន់ប្រទេសថៃក្នុងរង្វង់ទឹកប្រាក់ ៧៩៥ ពាន់លានបាត (ឬ ២២.២៦ ពាន់លានដុល្លារ) ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងបានលើកឡើងថា ស្ថានភាពទេសចរណ៍នៅក្នុងប្រទេសថៃឡង់ដ៍ បានបង្ហាញសញ្ញាវិជ្ជមាន ស្របពេលវិធានការលើកលែងទិដ្ឋាការដោយរដ្ឋាភិបាលថៃសម្រាប់ភ្ញៀវទេសចរចិន បានជំរុញបន្ថែមដល់វិស័យទេសចរក្នុងប្រទេសនេះ ។
ដំណាលគ្នានេះ រដ្ឋាភិបាលថៃឡងដ៍នឹងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចជនជាតិចិន និងភ្ញៀវកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ដំណាច់ខែកុម្ភៈ ដោយរដ្ឋាភិបាលសង្ឃឹមថា ប្រទេសថៃឡង់ដ៍ នឹងទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ២៨ លាននាក់នៅឆ្នាំនេះ ។
សូមរំលឹកថា កាលពីឆ្នាំ ២០១៩ មានភ្ញៀវទេសចរបរទេសបានទៅលេងប្រទេសថៃឡង់ដ៍រហូតដល់ ៣៩.៩ លាននាក់ រួមបញ្ចូលទាំង ១១ លាននាក់មកពីប្រទេសចិន ហើយនៅឆ្នាំនេះ រដ្ឋាភិបាលមានគោលដៅទទួលបានភ្ញៀវទេសចរចិនក្នុងចំនួន ៥ លាននាក់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters


