ព័ត៌មានអន្តរជាតិ

ការបង្ហូតទង់ជាតិកូរ៉េខាងជើងក្នុងការប្រកួតកីឡាអាស៊ី បំពានលើទណ្ឌកម្មអន្តរជាតិ

image


ប្រទេសកូរ៉េខាងជើង បានបញ្ជូនអត្តពលិក គ្រូបង្វឹក និងបុគ្គលិកចំនួន ២៨០ រូបទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី នាទីក្រុង Hangzhou ខណៈប្រតិភូក្រុមបាល់ទាត់កូរ៉េខាងជើង បានធ្វើដំណើរដល់ប្រទេសចិន កាលពីថ្ងៃទី១៥ ខែកញ្ញា។

ការប្រកួតរបស់កូរ៉េខាងជើងដំបូង បានជួបជាមួយក្រុមជម្រើសតៃវ៉ាន់ លើវិញ្ញាសាបាល់ទាត់ នៅថ្ងៃទី១៩កញ្ញា។ កូរ៉េខាងជើង ចូលរួមក្នុង១៧វិញ្ញាសាក្នុងប្រភេទកីឡាហែលទឹក ប្រដាល់ កាយសម្ពន្ធ ចំបាប់ និងបាល់បោះនារី។

ការបញ្ជូនគណៈប្រតិភូកីឡារបស់កូរ៉េខាងជើងទៅកាន់ទីក្រុង Hangzhou បានកើតឡើងបន្ទាប់ពីទណ្ឌកម្មរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)ត្រូវបានបញ្ចប់ លើប្រទេសកូរ៉េខាងជើង ដែលហាមឃាត់ប្រទេសនេះពីការចូលរួមក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនានា។ IOC បានដាក់បម្រាមនេះ បន្ទាប់ពីកូរ៉េខាងជើងបដិសេធមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូ ក្នុងឆ្នាំ ២០២១។

ទោះជាយ៉ាងណា ការបង្ហូតទង់ជាតិកូរ៉េខាងជើងក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នឹងត្រូវហាមឃាត់នៅទីក្រុង Hangzhou ដោយសារតែទណ្ឌកម្មរបស់ទីភ្នាក់ងារប្រឆាំងនឹងសារធាតុដូប៉ាពិភពលោក (WADA) ដែលត្រូវបានដាក់លើកូរ៉េខាងជើងកាលពីខែតុលាឆ្នាំ២០២១ នៅតែមានប្រសិទ្ធភាព។

ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដែលគ្រប់គ្រងកីឡាអាស៊ី និងគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីទីក្រុង Hangzhou មានកាតព្វកិច្ចគោរពតាមសេចក្ដីសម្រេចរបស់ WADA ។ ប្រសិនបើទង់ជាតិកូរ៉េខាងជើង ត្រូវបានអនុញ្ញាតឱ្យបង្ហូតឡើង ស្ថាប័នទាំងពីរអាចទទួលទណ្ឌកម្មពី WADA ។

WADA បានជូនដំណឹងដល់អង្គការជាតិប្រឆាំងសារធាតុញៀន (NADO) របស់ប្រទេសកូរ៉េខាងជើងថា បើប្រទេសមិនទាន់ទទួលបានឋានៈជា "រដ្ឋអនុលោមតាមច្បាប់" ទេ នោះទង់ជាតិមិនអាចត្រូវបានបង្ហូតនៅក្នុងប្រកួតជើងឯកថ្នាក់តំបន់ ទ្វីប ឬពិភពលោកណាមួយដែលរៀបចំដោយអង្គការធំៗនោះទេ។ ការដាក់ទណ្ឌកម្មនេះ អនុវត្តចំពោះគ្រប់ស្ថានភាពទាំងអស់ដែលអ្នករៀបចំព្រឹត្តិការណ៍បានបង្ហាញទង់ជាតិរបស់រដ្ឋដែលទទួលទណ្ឌកម្មជាផ្លូវការនៅកន្លែងណាមួយ តំបន់ ឬកីឡដ្ឋានដែលព្រឹត្តិការណ៍នេះកំពុងប្រព្រឹត្តទៅ។

ទោះបីជាប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាទង់ជាតិកូរ៉េខាងជើងត្រូវបានបង្ហូតនៅក្នុងកីឡដ្ឋាន ភូមិកីឡា និងមជ្ឈមណ្ឌលអ្នកស្ម័គ្រចិត្ត នៅមុនពិធីបើកកីឡាអាស៊ីនៅថ្ងៃទី២៣កញ្ញាក៏ដោយ ក៏គណៈកម្មការរៀបចំកីឡាអាស៊ី ហាក់មិនបានចាត់វិធានការណាមួយនោះទេ។

កូរ៉េខាងជើង បានព្យាយាមបង្ហូតទង់ជាតិរបស់ពួកគេនៅព្រឹត្តិការណ៍ ITF World Championships ដែលធ្វើឡើងនៅប្រទេសកាហ្សាក់ស្ថាន កាលពីខែសីហា។ នៅពេលនោះ សហគមន៍កីឡាអន្តរជាតិបានព្រមានកាហ្សាក់ស្ថាន មិនឱ្យធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអន្តរជាតិនៅពេលអនាគត។

ស្របពេលមានការព្រមានពី WADA និងការចុះផ្សាយលើទំព័រសារព័ត៌មាន គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ នៅប្រទេសកាហ្សាក់ស្ថាន បានសម្រេចមិនអនុញ្ញាតឱ្យបង្ហូតទង់ជាតិកូរ៉េខាងជើងឡើយ។

ប្រសិនបើទង់ជាតិរបស់កូរ៉េខាងជើង ត្រូវបានបង្ហូតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងគណៈកម្មាធិការរៀបចំការប្រកួតកីឡា នឹងមិនអាចជៀសរួចឡើយ។ មានការព្រួយបារម្ភថា ប្រសិនបើគ្មានចំណាត់ការណាមួយទេនោះ វាមិនត្រឹមតែធ្វើឱ្យ WADA បាត់បង់សិទ្ធិអំណាចរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែនឹងធ្វើឱ្យសណ្តាប់ធ្នាប់កីឡាពិភពលោកអាចនឹងដួលរលំ៕