ព័ត៌មានជាតិ

ពលរដ្ឋក្រីក្រ០១គ្រួសារដែលសម្រេចចិត្តចាកចេញពីរមណីយដ្ឋានអង្គរ ទទួលបានផ្ទះមួយខ្នងពីសប្បុរសជន

image


សៀមរាប៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលបានផ្លាស់ទីលំនៅពីតំបន់ឧទ្យានអង្គរ មករស់នៅក្នុងតំបន់អភិវឌ្ឍភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានផ្ទះមួយខ្នងពីសប្បុរសជនមកពីប្រទេសអូស្ត្រាលី។

លោក សូត្រ សួរ ប្រធានក្រុមប្រឹក្សាភិបាលអង្គការក្ដីសង្ឃឹមថ្មីនៅកម្ពុជា បានលើកឡើងថា អំណោយផ្ទះ ១ ខ្នងនេះ គឺពិតជាមានសារៈសំខាន់ និងមានអត្ថន័យខ្លាំងណាស់ សម្រាប់គ្រួសារ លោកឈឹម សុវណ្ណារ៉ា និងប្រពន្ធឈ្មោះ ឡាង សុខចិន ។ ព្រោះបានផ្តល់នូវទីជម្រកមួយដ៏សែនកក់ក្តៅសម្រាប់ក្រុមគ្រួសារមួយនេះ ដែលមានកូនក្នុងបន្ទុកចំនួន ៧ នាក់ ហើយព្រមទាំងបានបង្ហាញនូវទឹកចិត្តសប្បុរសដ៏ថ្លៃថ្លារបស់ម្ចាស់ជំនួយមកពីប្រទេសអូស្ត្រាលី បានបរិច្ចាគទាំងថវិកា ពេលវេលា និងកម្លាំងផ្ទាល់ខ្លួនដោយធ្វើដំណើរឆ្លងកាត់ពីនាយសមុទ្រ ដើម្បីមកជួយសាងសង់ផ្ទះនេះដោយផ្ទាល់ដៃ និង មិនគិតពីការនឿយហត់។

លោកបានបន្ថែមទៀតថា ផ្ទះនេះត្រូវបានសាងសង់ឡើងតាមរចនាប័ទ្មផ្ទះខ្មែរ ធ្វើអំពីឈើ (ប្រើប្រភេទឈើមិនជ្រាបទឹក) ប្រក់ស័ក្កសី មានទទឹង ៥ ម៉ែត្រ គុណនឹងបណ្តោយ ៩ ម៉ែត្រ ដោយមានបំពាក់បន្ថែមនូវប្រព័ន្ធភ្លើង ស៊ីទែនទឹក ប្រព័ន្ធទឹក និងបន្ទប់ទឹក១ ព្រមទាំងផ្តល់ជូននូវសម្ភារផ្ទះបាយ សម្ភារក្នុងបន្ទប់គេង និងគ្រឿងបរិក្ខារមួយចំនួនទៀតផងដែរ ដើម្បីធានាការរស់នៅប្រចាំថ្ងៃប្រកបដោយភាពសុខុដុមរម្យនា។ ការសាងសង់ផ្ទះ ០១ ខ្នងនេះបានចំណាយថវិកាជំនួយសរុបអស់ចំនួន ១០.០០០ ដុល្លារអាម៉េរិក។

លោក សូត្រ សួរ បានថ្លែងអំណរគុណំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគតិបណ្ឌិតដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសូមអរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងនិងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋានទាំងអស់ផងដែរ ដែលបានជួយសម្របសម្រួល ផ្តល់ដីសាងសង់ផ្ទះ និងអាស្រ័យផល ព្រមទាំងបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ប្រព័ន្ធទឹកស្អាត ផ្សារ សាលារៀន មន្ទីរពេទ្យជាដើម ហើយបានជួយធ្វើឱ្យគម្រោងនេះសម្រេចបានដោយជោគជ័យជាស្ថាពរ៕

អត្ថបទ៖ ជា ស្រស់