រាជរដ្ឋាភិបាលចេញសារាចរណែនាំឲ្យបន្ត វិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ បន្ទាប់ពីក្រសួងធនធានទឹកចាត់ទុកជំនន់ឆ្នាំនេះ ក្នុងចំណាត់ថ្នាក់ជាជំនន់ធំ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំបន្ថែមស្តីពីការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ខណៈក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកហើយ ដែលជំនន់ទន្លេមេគង្គ បានបង្កឲ្យមានការលិចលង់យ៉ាងធ្ងន់ធ្ងរនៅបណ្តាខេត្តស្ថិតនៅតាមដងទន្លេមេគង្គផ្នែកខាងលើ ។

សារាចរណែនាំរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា៖ បើទោះបីជាទឹកបានចាប់ផ្តើមស្រកចុះ ប៉ុន្តែ ការស្រកចុះនេះមានសភាពយឺត ជាក់ស្តែង ខេត្តស្ទឹងត្រែង ដែលចាប់តាំងពីពេលស្រកចុះនៅយប់ថ្ងៃទី ០៦ មកដល់ព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ មានរយៈពេល ០៤ ថ្ងៃកន្លះ ស្មើនឹង ១០៨ ម៉ោង ទឹកស្រកចុះបានត្រឹមតែ ០,៦០ ម៉ែត្រ ប៉ុណ្ណោះ ។ ការស្រកចុះយឺតនេះ គឺដោយសារបរិមាណទឹកដែលកើតឡើងដោយសារជំនន់នាពេលកន្លងមក មានបរិមាណទឹកដ៏ច្រើនលើសលប់ ទន្ទឹមនឹងភ្លៀងនៅបន្តធ្លាក់ពីតិចទៅបង្គួរក្នុងតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គបន្ថែមទៀត។

យោងតាមការព្យាករលើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ចាប់ពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៩ តទៅ នឹងមានប្រព័ន្ធសម្ពាធទាប (ITCZ) ថ្មីមួយកើតឡើង ហើយប្រព័ន្ធសម្ពាធទាបនេះ នឹងរំកិលខ្លួនចុះមកក្រោម ( ចន្លោះស្ទឹងត្រែង-ប៉ាក់ សេ ) ។ ប្រព័ន្ធសម្ពាធទាបថ្មីនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន ជម្រុញឲ្យទឹកទន្លេ មេគង្គហក់ឡើងជាថ្មី ដែលធ្វើឲ្យជំនន់ឆ្នាំ ២០១៩ នេះ ចាត់ទុកចំណាត់ថ្នាក់ជាជំនន់ធំ ។

យោងលើស្ថានភាពកម្ពស់ទឹកទន្លេ នាពេលបច្ចុប្បន្ន និងស្ថានភាពអាកាសធាតុ ដូចបានព្យាករណ៍ និងបញ្ជាក់ជូនខាងលើ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវបន្តបង្កើនស្មារតីប្រុងប្រយ័ត្ន និងវិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ដែលអាចនឹងកើនឡើងជាថ្មីក្នុងពេលដ៏ខ្លីខាងមុខ កាត់បន្ថយឲ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ អាយុជីវិតរបស់ប្រជាពលរដ្ឋ៕ ដោយ៖ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation