សម្ដេចក្រឡាហោម ស ខេង ណែនាំយុវជនជំនាន់ក្រោយ ចូលរួមទប់ស្កាត់ទស្សនៈណាដែលបំផ្លាញសន្តិភាព
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អំពាវនាវនិងណែនាំ ទៅដល់យុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី ត្រូវចូលរួមនាំគ្នាការពារឲ្យខានតែបាន នូវសន្តិភាព ជាពិសេសត្រូវចូលរួមទប់ស្កាត់ រាល់ទស្សនៈណា ដែលបំផ្លាញដល់សន្តិភាព ហើយត្រូវជួយនាំគ្នាផ្សព្វផ្សាយ លើកតម្កើងពីអរិយធម៌ជាតិ វប្បធម៌ជាតិ បន្តលើកស្ទួយកិត្តិយសប្រទេសជាតិ នៅលើឆាកអន្តរជាតិ ឲ្យបានកាន់តែខ្លាំងបន្ថែមទៀត។


ក្នុងជំនួបជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន និងប្រតិភូនាវាយុវជនអាស៉ីអាគ្នេយ៍កម្ពុជា-ជប៉ុន (SSEAYP) លើកទី៤៦នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នាទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានថ្លែងបញ្ជាក់ថា ប្រវត្តិសាស្ត្រដ៏ជូរចត់ ក្នុងដំណាក់កាលរបបយង់ខ្នងប្រល័យពូជសាសន៍ ដែលបានបំផ្លិចបំផ្លាញជាតិស្ទើរគ្រប់វិស័យ កាប់សម្លាប់ប្រជាជន ដែលធ្វើឲ្យប្រទេសជាតិរបស់យើងធ្លាក់ដល់ចំណុចសូន្យ ហើយចាប់ពីថ្ងៃ៧ មករា ១៩៧៩ ប្រទេសជាតិបានរំដោះរួចមក ប្រជាជនកម្ពុជា រួមនឹងរាជរដ្ឋាភិបាល ជាពិសេសតាមរយៈនយោបាយឈ្នះៗ របស់ប្រមុខដឹកនាំកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រែក្លាយសង្គមកម្ពុជា ឲ្យប្រែមុខមាត់ថ្មី មានសុខសន្តិភាព មានការអភិវឌ្ឍ រីកចម្រើន សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ជារៀងរាល់ឆ្នាំ បានកាត់បន្ថយអត្រាភាពក្រីក្រ មកដល់រង្វង់១៣,៥%នៅឆ្នាំ២០១៤ នឹងបន្តធ្លាក់ចុះក្នុងរង្វង់១%ជារៀងរាល់ឆ្នាំ ។

សម្ដេចក្រឡាហោម ប្រាប់យុវជនជំនាន់ក្រោយ ត្រូវចងចាំឲ្យបានច្បាស់ ពេលដែលប្រទេសមានសុខសន្តិភាព អ្វីៗក៏មានដែរ អ្វីៗក៏អាចធ្វើបានដែរ។


សម្ដេចក្រឡាហោមឲ្យដឹងយ៉ាងដូច្នេះថា "សូមកូនៗក្មួយៗចៅ ជាអ្នកបន្តវេន ត្រូវចូលរួមទប់ស្កាត់ទស្សនៈណាដែលបំផ្លាញដល់សន្តិភាព សកម្មភាពណា ដែលប៉ះពាល់ដល់សន្តិភាព ត្រូវចេះសាមគ្គីភាពគ្នា ឯកភាពគ្នា ត្រូវជួយផ្សព្វផ្សាយ លើកតម្កើងពីអរិយធម៌ជាតិវប្បធម៌ជាតិ បន្តលើកស្ទួយកិត្តិយសប្រទេសជាតិ ក៏ដូចជានាំយកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ បន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួនជាសសរទ្រូងនៃប្រទេសជាតិ"។


ក្នុងឱកាសនោះ តំណាងប្រធានប្រតិភូ នាវាយុវជនកម្ពុជា ជំនាន់ទី៤៦ ឆ្នាំ២០១៩ បានឲ្យដឹងថា "ខ្ញុំយល់ឃើញថា សម្ដេចក្រឡាហោម សខេង មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះយុវជន ព្រោះថាយុវជនជាសសរទ្រូងនៃប្រទេសជាតិ។ដោយសម្ដេចបានណែនាំ ឲ្យពួកយើងខំប្រឹងប្រែងរៀនសូត្រ យកបទពិសោធន៍ ពីខាងយុវជននៃប្រទេសដទៃទៀត និងដើម្បីផ្សព្វផ្សាយពីអរិយធម៌ វប្បធម៌របស់ប្រទេសយើង ដើម្បីឲ្យពិភពលោកទទួលស្គាល់និងទទួលយកបាន"។


សូមបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៩៧៤ ដោយរាជរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន ដើម្បីផ្តល់ឱកាសដល់យុវជន បានចូលរួមក្នុងសកម្មភាពទំនាក់ទំនងអន្តរជាតិ ការរៀនធ្វើការជាក្រុម និងការផ្លាស់ប្តូរបទពិសោធន៍ និងការចែករំលែកចំណេះដឹងផ្សេងៗ ហើយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុន (SSEAYP) លើកទី៤៦ នឹងប្រព្រឹត្តទៅមានរយៈពេល ៥១ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩៕

ដោយ៖ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation