មេបញ្ជាការកងទ័ពកម្ពុជា នាំមកនូវលទ្ធផលប្រកបដោយមោទនភាពនិងកិត្យានុភាពជាតិកម្ពុជា នៅលើឆាកអន្តរជាតិ
ថៃ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពកម្ពុជាបានអញ្ជើញ ចូលរួមសនិ្នសីទ មេបញ្ជាការកងទ័ពជើងគោក តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក រយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នៅប្រទេសថៃ។
សន្និសីទបានបើកក្រោមអធិបតីភាព ឯកឧត្តម ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងមានការចូលរួមពីសំណាក់មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសមហាអំណាចនិងតំបន់ជាច្រើនរូបផងដែរ។
នៅក្នុងឱកាសចូលរួមសនិ្នសីទដ៏មានសារៈសំខាន់នេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ មេបញ្ជាការកងទ័ពជើងគោកប្រទេសចិន អាមេរិក អូស្រ្តាលី ហ្វីលីពីន វៀតណាម សឹង្ហបុរី និងព្រុយណេ ដែលរាល់កិច្ចជំនួប ភាគីទាំងអស់សុទ្ធតែបានប្តេជ្ញាការជាមួយភាគីកម្ពុជាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតជាពិសេសលើផ្នែកសន្តិសុខទាំងក្នុងតំបន់និងពិភពលោក ក្រោមបរិយាកាសនៃការគោរពគ្នា ស្និទ្ធស្នាល និងរីករាយក្រៃលែង។
នេះគឺជាការការវិវឌ្ឍថ្មីមួយទៀតដែលមេបញ្ជាការកងទ័ពកម្ពុជាគឺឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានពង្រឹង និងពង្រីកការទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយមេបញ្ជាការកងទ័ពមហាអំណាចពិភពលោក និងតំបន់ជាច្រើនទៀតដែលនេះជាមោទនភាព និងកិត្យានុភាពជាតិសម្រាប់កងទ័ពកម្ពុជានិងប្រជាជនកម្ពុជាទូទាំងប្រទេស៕