កម្ពុជា ធ្វើពិធីរាប់បាត្រឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធអ្នកស្លាប់ នៅគុកទួលស្លែង ឬគុកស២១ មុនឱកាសបុណ្យភ្ជុំបិណ្ឌ
| ព័ត៌មានជាតិ
SHARE

ដោយទទួលបានការអនុញ្ញាត ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំធ្វើពិធី រាប់បាត្រព្រះ សង្ឃចំនួន៤០អង្គ នៅសារមន្ទីរទួលស្លែង ដើម្បីរំឭកដល់វិញ្ញាណនក្ខន្ធ អ្នកដែលបានស្លាប់យ៉ាងព្រៃផ្សៃ និងអយុត្តិធម៌ កាលពីរបបប៉ុលពត។

ក្នុងឱកាសនោះ ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ មានប្រសាសន៍ថា ភស្តុតាងទាំងអស់ នៅគុកស២១ នៃអតីតរបបខ្មែរក្រហមត្រូវបានកត់ត្រា បញ្ចូលក្នុងបណ្ណសារ សម្រាប់រក្សាទុកដល់មនុស្សជំនាន់ក្រោយ សិក្សាស្រាវជ្រាវ។ 

លោកតា ជុំ ម៉ី អតីតអ្នកទោសគុកស២១ មានប្រសាសន៍ថា លោកតាគាំទ្រដែលរាជរដ្ឋាភិបាល បើកឱកាសឲ្យមានកម្មវិធីនេះ។ លោកតាបញ្ជាក់ថា កម្មវិធីនេះ បញ្ជាក់និងចង់ចាំថា មិនឲ្យរបបប្រល័យពូជសាសន៍ វិលមករកកម្ពុជាសាជាថ្មីម្តងទៀតឡើយ។ 

ជាមួយគ្នានោះដែរ ភ្ញៀវជនបរទេស ដែលបានចូលមកទស្សនា នៅសារមន្ទីរទួលស្លែង បានសម្តែងអារម្មណ៍ក្តុកក្តួល បន្ទាប់ពីបានដើរទស្សនាសារមន្ទីរទួលស្លែង និងសារមន្ទីប្រល័យពូជសាសន៍ជើងឯក។ អ្នកទេសចររូបនោះ បានផ្ញើសារ ដល់មនុស្សជាតិទាំងអស់ នៅលើពិភពលោក ត្រូវចេះស្រឡាញ់គ្នាកុំសម្លាប់គ្នា។

សូមជម្រាបថា គុកទួលស្លែង ហៅគុកស២១ គឺជាគុកដ៏ធំ ដែលបង្កើតឡើងនៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ហៅថារបបវាលពិឃា។ របបនេះ ក្រុមពុលពត បានកាន់កាប់អំណាច ចាប់ពីឆ្នាំ១៩៧-១៩៧៨។គុកស២១នេះ បានចាប់បញ្ញាវន្តមកពីក្រៅប្រទេស និងបញ្ញាជន ដោយចោទប្រកាន់ថាក្បត់ជាតិ។ របបនេះ បានចាប់ពួកគេដាក់គុក និងបានធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ ដើម្បីយកចម្លើយ។ បន្ទាប់មកក៏យកទៅសម្លាប់ចោល នៅជើងឯកដែលស្ថិតនៅក្នុងខណ្ឌដង្កោ ដែលមានសរុបទាំងអស់ជិត២ម៉ឺននាក់។ នៅក្នុងរបបវាលពិឃាត ខ្មែរក្រហម កាន់កាប់អំណាច រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានសម្លាប់ប្រជាជនកម្ពុជា អស់ជិត៣លាននាក់៕អត្ថបទ៖ វង សុភ័ក្ត្រ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation