ព័ត៌មានជាតិ

សំរាមជាច្រើនបានអណ្តែតមកទើរលើឆ្នេរសមុទ្រ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាជារៀងរាល់ថ្ងៃ

image

ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាជារៀងរាល់ថ្ងៃ នៅតាមតំបន់ឆ្នេរនៃឆ្នេរចុងអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ មានសំរាមអណ្តែតមកទើរ យ៉ាងច្រើន ធ្វើឲ្យបាត់សោភណភាព ឆ្នេរនិងប៉ះពាល់បរិស្ថាននៅទីតាំងតំបន់នោះ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានករណីសំរាមអណ្តែតមកលើឆ្នេរ ជាច្រើននេះ អាជ្ញាធរខេត្តបានដឹកនាំក្រុមការងាររួមមាន អភិបាល អភិបាលរងក្រុង មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍រួម ជាមួយនឹងអាជ្ញាធរ មូលដ្ឋាន បានចុះប្រមូលនិងសម្អាតបរិវេណតំបន់ឆ្នេរ ដែលមានសំរាមជាច្រើនបានអណ្ដែតរសាត់ មកពីលំហសមុទ្រនិងមកពី អូរប្រឡាយ ដែលនាំមកពី ទីប្រជុំជនក្រុងចូលមកលើផ្ទៃសមុទ្របង្កឲ្យមានការសំរាមជាច្រើនអណ្ដែតមកលើឆ្នេរ។

ក្នុងនាមរដ្ឋបាលខេត្តក៏ដូចជាអាជ្ញាធរ មូលដ្ឋានមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការសម្អាត បរិស្ថានតំបន់ឆ្នេរឲ្យបានល្អឡើងវិញព្រោះថាក្រុងនៃខេត្តព្រះសីហនុគឺជាក្រុងទេសចរណ៍ ធម្មជាតិ ដែលមានឆ្នេរខ្សាច់សល្អស្អាត ទឹកសមុទ្រ ស្រស់ថ្លា ដូចនេះក្នុងនាមរដ្ឋបាលខេត្តគឺមិនបណ្ដែតបណ្ដោយឲ្យបរិស្ថាន តំបន់ឆ្នេររបស់យើងមានសំរាមនោះឡើយ។

ឯកឧត្តមអភិបាលរងខេត្តក៏បានលើកឡើងផងដែរថា ទោះបីស្ថានភាពអាកាសធាតុមិនអំណោយផលមានភ្លៀង យ៉ាងណា ក៏ដោយក៏ក្រុមការងារ បានយកចិត្តទុកដាក់ប្រមូលឲ្យបានស្អាតក្នុងនោះក៏មានគ្រឿងចក្រចំនួន ២ គ្រឿងដើម្បី សំអាតឆ្នេរឲ្យ បានល្អឡើងវិញផងដែរ ទាំងនេះសបញ្ជាក់ឲ្យឃើញពីតំបន់ឆ្នេរដែលមានសក្តានុពលផ្នែកវិស័យ ទេសចរណ៍ ក្នុងការទាក់ទាញ ភ្ញៀវទេសចរជាតិអន្តរជាតិមកលេងកម្សាន្តជាពិសេស នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ គឺមានបងប្អូន ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តនៅតាមតំបន់ឆ្នេរ ទាំងអស់នេះគឺយើងត្រូវខិតខំថែរក្សា អនាម័យបរិស្ថានតំបន់ឆ្នេរឲ្យបានល្អឡើងវិញសម្រាប់ទទួលពួកគាត់មកលេងលំហែកម្សាន្តប្រកបដោយផាសុកភាព៕ ដោយ ៖ ប៉ៃ សុឃីម