ក្រុមយុវជនចំនួន៣០០នាក់ បានធ្វើលំហាត់សមដើរជាក្បួន ដើម្បីត្រៀមចូលរួមក្នុងពិធីបើកការប្រណាំងទូក និងបណ្តែតប្រទីបនៅខេត្តបាត់ដំបង

បាត់ដំបង ៖ ដើម្បីចូលរួមអបអរសាទរក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប ដែលនឹងរៀបចំធ្វើឡើងនៅខេត្តបាត់ដំបង ក្នុងថ្ងៃបុណ្យចេញព្រះវស្សាឆ្នាំ២០២៣នេះ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរឹទ្ធិជាតិកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំនួន៣០០នាក់ មកពីវិទ្យាល័យព្រះមុនីវង្ស វិទ្យាល័យនេតយ៉ង់ និងវិទ្យាល័យសម្តេចឪ ស្ថិតក្នុងក្រុងបាត់ដំបង រួមជាមួយក្រុមសិល្បៈករ សិល្បៈការិនីរបស់អង្គការហ្វាពន្លឺសិល្បៈខេត្តបាត់ដំបង បានធ្វើការលំហាត់សមដើរដង្ហែជាក្បួន ដើម្បីត្រៀមចូលរួមនៅក្នុងពិធីបើកការប្រណាំងទូក បណ្តែតប្រទីប ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ។
ការរៀបចំសមហាត់ដើរជាក្បួននេះត្រូវបានគេមើលឃើញថា ពិធីបើកប្រណាំងទូក បណ្តែតប្រទីប នាឆ្នាំ២០២៣នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្ត្រមួយសម្រាប់ខេត្តបាត់ដំបងនាឆ្នាំ២០២៣នេះ បន្ទាប់ពីខេត្តបាត់ដំបង បានធ្វើពិធីប្រណាំងទូកនៅតាមបណ្តោយដងស្ទឹងសង្កែអស់រយៈពេលជិត២៥ឆ្នាំកន្លងមកហើយ ។
តំណាងយុវជន និងយុវនារីដែលបានចូលរួមធ្វើលំហាត់សមដើរជាក្បួននេះ សុទ្ធតែបានបង្ហាញនូវមោទនភាពចំពោះអ្វីដែលខេត្តបាត់ដំបងមាន ជាពិសេសការរៀបចំឱ្យមានការប្រណាំងទូកនាពេលនេះ ។
តំណាងយុវជន និងយុវនារីបានបង្ហាញឱ្យដឹងបន្ថែមទៀតថា ការដែលយើងបានមកជួបជុំគ្នានៅទីនេះបាន គឺអាស្រ័យដោយសារតែប្រទេសជាតិ មានសុខសន្តិភាពស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានពង្រឹងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបង្កឱកាសដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មានភាពសុខសាន្ត ក្នុងនោះយុវជន យុវនារីដែលជាកម្លាំងស្នូលដ៏សំខាន់របស់ជាតិ មានពេលវេលាគ្រប់គ្រាន់ក្នុងការខិតខំរៀនសូត្រយកចំណេះវិជ្ជា ដើម្បីបម្រើប្រទេសជាតិ និងរួមគ្នាកសាងនិងអភិវឌ្ឍន៍ឱ្យកាន់តែសំបូរសប្បាយតទៅអនាគត ។
សូមបញ្ជាក់ថា ជាទំនៀមទម្លាប់របស់អ្នកស្រុករស់នៅក្នុងខេត្តបាត់ដំបង ពិសេសឆ្នាំ២០២៣នេះ គឺជាឆ្នាំទី២៣ហើយ ដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំនូវពិធីប្រណាំងទូកវែង ទូកខ្លីប្រពៃណី និងទូកខ្នាតអន្តរជាតិ បុរសនារី ព្រមទាំងមានបណ្តែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រូច ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចេញព្រះវស្សា ដែលមានរយៈពេល២ថ្ងៃ នៅតាមបណ្តោយដងស្ទឹងសង្កែ នៃក្រុងបាត់ដំបង ៕
ដោយ៖ គួយ គឹមស៊ន

















