
ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស យ៉ាងតិច២០នាក់

មន្ត្រីថ្លែងថា គ្រាប់បែកអត្តឃាតមួយបានផ្ទុះ នៅព្រឹកព្រលឹម ដោយបានបំផ្លាញមន្ទីរពេទ្យមួយ នៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន និងបានសម្លាប់មនុស្ស២០នាក់ និងជាង៩០នាក់ផ្សេងទៀតរងរបួស។
ក្រុមតាលីបង់ បានអះអាងទទួលខុសត្រូវ ចំពោះការបំផ្ទុះគ្រាប់បែកនេះ និងបានធ្វើការវាយប្រហារ ស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីកិច្ចចរចាសន្តិភាព ជាមួយសហរដ្ឋអាមេរិក បានដួលរលំ កាលពីដើមខែនេះ។ ការផ្ទុះដ៏ធំ កាលពីថ្ងៃព្រហស្បតិ៍ បានបំផ្លាញផ្នែកខ្លះ នៃមន្ទីរពេទ្យនៅQalat រដ្ឋធានី នៃខេត្ត Zabul ភាគខាងត្បូង និងបានបន្សល់ទុក នូវរថយន្តសង្គ្រោះបន្ទាន់ ជាច្រើនគ្រឿង។
អ្នកស្រុកភាគច្រើន បានមកមើលសមាជិកគ្រួសារពួកគេ ដែលរងគ្រោះ។ ប៉ុន្មានម៉ោងភ្លាមៗ បន្ទាប់ពីការផ្ទុះ មានតួលេខផ្ទុយគ្នា នៃអ្នកស្លាប់ និងរបួស។ អ្នកនាំពាក្យ របស់អភិបាលខេត្ត លោក Gul Islam Seyal និយាយថា ចំនួនអ្នកស្លាប់មានដល់ ១២ នាក់ ប៉ុន្តែអាជ្ញាធរ កំពុងស្ថិតនៅកន្លែងកើតហេតុ ដោយយកកំទេចកំទី។
លោក Atta Jan Haqbayan ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ មានដល់ទៅ២០នាក់៕
