
រដ្ឋមន្ត្រីកាបរទេសកម្ពុជា នឹងអញ្ជើញធ្វើសេចក្ដីថ្លែងការណ៍ ផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សមិទ្ធិផលសំខាន់ និងកិច្ចប្រឹងប្រែងរបស់កម្ពុជានៅទីក្រុងញូវយ៉ក

ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៤ ក្រោមមូលបទ «ជំរុញកិច្ចប្រឹងប្រែងពហុភាគី សម្រាប់ការលុបបំបាត់ភាពក្រីក្រ ការអប់រំប្រកបដោយគុណភាព សកម្មភាពអាកាសធាតុ និងបរិយាប័ន្ន» និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៩ នៅទីក្រុងញូវយ៉ក។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្ដីថ្លែងការណ៍ ផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សមិទ្ធផលសំខាន់ៗឆ្ពោះទៅគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងកិច្ចប្រឹងប្រែងឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងសារៈសំខាន់នៃកិច្ចប្រឹងប្រែងរួមក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ភេរវកម្ម អំពើជ្រុលនិយមនិងអចន្តិនិយម និងការគំរាមកំហែងសន្តិសុខមិនប្រពៃណី។ ឯកឧត្ដម ក៏នឹងរំលេចបញ្ហាសណ្តាប់ធ្នាប់ពិភពលោកថ្មី ពហុភាគីនិយម តួនាទីច្បាប់អន្តរជាតិ ផលប៉ះពាល់ជាអវិជ្ជមាននៃព័ត៌មានក្លែងបន្លំ និងបញ្ហាតំបន់និងអន្តរជាតិដែលមានផលប្រយោជន៍និងការព្រួយបារម្ភរួម នៅក្នុងសេចក្ដីថ្លែងការណ៍នេះផងដែរ។
ក្រៅពីអញ្ជើញចូលរួមមហាសន្និបាតនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តម ថូម៉ាស ភេទ្រីសេក (Tomas Petricek) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆែក និង ឯកឧត្តម សឺរហ្គេយ ឡាវរ៉ូវ (Sergey V. Lavrov) រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏រំពឹងថានឹងមានជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនផ្សេងទៀត រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។
ស្របពេលជាមួយមហាសន្និបាតនេះ គណៈប្រតិភូកម្ពុជា ក៏នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រៅផ្លូវការនៃសន្និសីទស្ដីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅតំបន់អាស៊ី (CICA) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃបណ្តាប្រទេសអភិវឌ្ឍតិចតួច (LDCs) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសដៃគូសហប្រតិបត្តិការអាស៊ី (ACD) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ (IAMM) និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៤ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (IUMM) ព្រមទាំងកិច្ចប្រជុំជាច្រើនទៀត៕

