ព័ត៌មានអន្តរជាតិ

មេដឹកនាំរដ្ឋអ៊ីស្លាមកំពូលរបស់អ៊ីរ៉ង់ លោក Khamenei ជំរុញឱ្យរដ្ឋមូស្លីមនានា កាត់ផ្តាច់ទំនាក់ទំនងនយោបាយជាមួយអ៊ីស្រាអែល

image


អ៊ីរ៉ង់៖ មេដឹកនាំរដ្ឋអ៊ីស្លាមកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលិ ខាមីនីយ (Ayatollah Ali Khamenei) បានអំពាវនាវដល់បណ្តារដ្ឋមូស្លីមនានាដែលមានទំនាក់ទំនងនយោបាយជាមួយអ៊ីស្រាអែល គប្បីកាត់បន្ថយពេលវេលានៃទំនាក់ទំនងរបស់ពួកគេឱ្យមានដែនកំណត់ ។
ការលើកឡើងរបស់លោកខាមីនីយ (Khamenei) បានធ្វើឡើងនៅប៉ុន្មានសប្តាហ៍ បន្ទាប់ពីលោកបានអំពាវនាវឱ្យមានការហាមឃាត់ប្រេង និងស្បៀងអាហារទៅកាន់ប្រទេសអ៊ីស្រាអែល។

នេះគឺជាការអត្ថាធិប្បាយនាពេលថ្មីៗចុងក្រោយបង្អស់ របស់លោក ខាមីនីយ (Khamenei) ខណៈលោកកំពុងតែបង្ហាញវត្តមានចូលរួមនៅក្នុងការតាំងពិពណ៌ដែលបង្ហាញពី "សមិទ្ធផលចុងក្រោយ" របស់កងកម្លាំងការពារបដិវត្តន៍អ៊ីស្លាមនៃកងយោធាអាកាស ដោយនៅក្នុងព្រឹត្តិការណ៍នេះ ក៏មានដាក់តាំងបង្ហាញនូវ មីស៊ីល Fattah ២ ជាប្រភេទកំណែថ្មីនៃមីស៊ីលល្បឿនលឿនជាងសំឡេងដំបូងបង្អស់ដែលផលិតក្នុងស្រុកអ៊ីរ៉ង់ក្នុងខែមិថុនា ដោយវាមានសមត្ថភាពអាចហោះឆ្លងកាត់ប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលទំនើបបំផុតរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល។

ទោះជាបែបណាក្តី កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ក្នុងអំឡុងកិច្ចប្រជុំកំពូលរួមគ្នារវាងសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការអ៊ីស្លាម និងសម្ព័ន្ធអារ៉ាប់ក្នុងរាជធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋមូស្លីមភាគច្រើនមិនបានបង្ហាញការយល់ព្រមដូចដែលបានស្នើសុំដោយប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) នៅក្នុងការដាក់ទណ្ឌកម្មទៅលើអ៊ីស្រាអែល នោះទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect