ក្រុមហាម៉ាស អរគុណក្រុម Houthi របស់យ៉េមែនដែលរឹបអូសកប៉ាលអ៊ីស្រាអែលនៅឯសមុទ្រក្រហម ជុំវិញជម្លោះក្នុងតំបន់ហ្គាហ្សា

ប៉ាឡេស្ទីន៖ ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កាលពីចុងសប្តាហ៍នេះ បានធ្វើការថ្លែងអំណរគុណដល់ក្រុមហ៊ូធី (Houthi) របស់ប្រទេសយ៉េមែន សម្រាប់ប្រតិបត្តិការរឹបអូសយកកប៉ាល់ដែលស្ថិតនៅឯសមុទ្រក្រហម ភាគខាងត្បូង ពាក់ព័ន្ធនឹងជម្លោះនៅក្នុងតំបន់ហ្គាហ្សា ។
ទន្ទឹមនឹងនេះ ក្រុមហ៊ូធី និងជាសម្ព័ន្ធមិត្តរបស់ទីក្រុងតេហេរ៉ង់ (Tehran) របស់អ៊ីរ៉ង់ បាននិយាយថា នោះគឺជាកប៉ាល់របស់អ៊ីស្រាអែល ខណៈអ៊ីស្រាអែល អះអាងថា កប៉ាល់ដែលរឹបអូសនោះ គឺជារបស់អង់គ្លេស និងប្រតិបត្តិការដោយជប៉ុន ហើយនៅក្នុងឧបទ្ទវហេតុនាពេលនេះ គឺជា "អំពើភេរវកម្មរបស់អ៊ីរ៉ង់" ដោយអាចនឹងបង្កផលវិបាកសម្រាប់សន្តិសុខដែនសមុទ្រអន្តរជាតិ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯរដ្ឋធានី ប៊ើរុត (Beirut) អ្នកតំណាងជាន់ខ្ពស់របស់ក្រុមហាម៉ាស់នៅក្នុងប្រទេសលីបង់ លោក អាសាម៉ា ហាមដាន (Osama Hamdan) បាននិយាយថា "នេះគឺជាជំហានស្វាគមន៍ពីកងកម្លាំងយ៉េមែន" ។ "ខ្ញុំជឿថាទំហំឧក្រិដ្ឋកម្មស្ថិតនៅក្នុងតំបន់ហ្គាហ្សា នឹងធ្វើឱ្យអ្នកស្មោះត្រង់គ្រប់រូប សុទ្ធតែមានគោលជំហរចង់ការពារ និងគាំទ្រប្រជាជនប៉ាឡេស្ទីនឱ្យអស់ពីលទ្ធភាព"។
កាលពីសប្តាហ៍មុន មេដឹកនាំក្រុមហ៊ូធី បាននិយាយថា កងកម្លាំងរបស់ខ្លួននឹងបន្តប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើក ដើម្បីធ្វើការវាយប្រហារបន្ថែមទៀតទៅលើអ៊ីស្រាអែល នៅក្នុងសាមគ្គីភាពជាមួយក្រុមហាម៉ាស ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect




