យោធាអ៊ីស្រាអែល បញ្ចេញវីដេអូពីកាមេរ៉ាសុវត្ថិភាព ដោយអះអាងថា ក្រុមហាម៉ាសចាប់ចំណាប់ខ្មាំងចូលទៅក្នុងមន្ទីរពេទ្យ Shifa
អ៊ីស្រាអែល៖ យោធាអ៊ីស្រាអែល បានបញ្ចេញខ្សែអាត់វីដេអូពីក្នុងកាមេរ៉ាសុវត្ថភាព ដោយបានអះអាងថា នោះគឺជាសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស ដែលបានចាប់យកចំណាប់ខ្មាំងពីភាគខាងត្បូងអ៊ីស្រាអែល ចូលទៅក្នុងមន្ទីរពេទ្យស៊ីហ្វា (Shifa) អំឡុងការវាយប្រហារនៅថ្ងៃទី៧ ខែតុលា ។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល លោក ដាញ៉ែល ហាហ្គារិ (Daniel Hagari) បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីយប់ថ្ងៃអាទិត្យថា គេបានយកសាកសពបន្ថែមទៀត ចេញពីមន្ទីរពេទ្យស៊ីហ្វា (Shifa) ក្នុងនោះ រួមមានជនជាតិថៃម្នាក់ និងជនជាតិនេប៉ាល់ម្នាក់។
ជុំវិញការចោទប្រកាន់តាមរយៈសេចក្តីថ្លែងការណ៍របស់លោកហាហ្គារិ (Hagari) នាពេលនេះ ក្រុមហាម៉ាស មិនបានចេញមុខធ្វើការអត្ថាធិប្បាយណាមួយភ្លាមៗនៅឡើយទេ ។ ទោះជាបែបណាក្តី កាលពីពេលមុន ក្រុមអ៊ីស្លាមហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បាននិយាយថា ខ្លួនបានចាប់ចំណាប់ខ្មាំងមួយចំនួនទៅកាន់មន្ទីរពេទ្យ គឺដើម្បីព្យាបាលពួកគេតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា អំឡុងការវាយឆ្មក់ឆ្លងព្រំដែនដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅកាន់ភាគខាងត្បូងអ៊ីស្រាអែល ពួកគេបានចាប់ខ្លួនមនុស្សប្រហែល ២៤០ នាក់ធ្វើជាឈ្លើយសឹក រហូតជំរុញឱ្យអ៊ីស្រាអែល ឆ្លើយតបដោយបើកប្រតិបត្តិការវាយប្រហារទៅលើទឹកដីហ្គាហ្សាដ៏តូចចង្អៀតរបស់ប៉ាឡេស្ទីន ដើម្បីលុបបំបាត់ក្រុមអ៊ីស្លាមជ្រុលនិយមដែលកំពុងតែកាន់អំណាចនៅទីនោះ បន្ទាប់ពីសង្រ្គាមជាបន្តបន្ទាប់ជាច្រើនលើក ចាប់តាំងពីឆ្នាំ ២០០៧ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect