សង្គម

សម្ដេចនាយករដ្ឋមន្ដ្រី៖ កម្ពុជាធានាបានសន្តិសុខស្បៀងល្អប្រសើរ ខណៈប្រទេសជាច្រើន ជួបវិបត្តិស្បៀង ពេលផ្ទុះជំងឺកូវីដ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ​

image


អត្ថបទ៖ វឿន សាវុធ
ភ្នំពេញ៖ ​គ្រាដែលប្រទេសជាច្រើន ក្នុងពិភពលោកកំពុង ជួបវិបត្តិស្បៀង នៅពេលជំងឺកូវីដ-១៩ រាតត្បាត និង វិបត្តិសង្គ្រាម រវាងរុស្ស៊ី-អ៊ុយក្រែន បែរជាកម្ពុជាធានា បាននូវសន្តិសុខ ស្បៀងល្អប្រសើរ។ នេះជាការថ្លែងរបស់សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត។ ​


«ផ្ទុយទៅវិញ ខណៈប្រទេសជាច្រើន កំពុងជួបវិបត្តិនេះ (សន្ដិសុខស្បៀង) កម្ពុជា យើងធានាបាននូវ សន្ដិសុខស្បៀង។ មិនត្រឹមតែធានាសន្ដិសុខ ស្បៀងក្នុង ប្រទេសប៉ុណ្ណោះទេ ប៉ុន្ដែយើងបាននាំចេញ នៃការផលិតកសិកម្ម នាំចេញ ៦,២លានតោន ក្នុងរយៈពេល ១០ខែ កន្លងមកនេះ»។ នេះជាប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។


​សម្ដេចធិបតី បានលើកឡើងថា ទាំងនេះសបញ្ជាក់ឲ្យឃើញពីការដឹកនាំ និងដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល។ សម្ដេច បន្ដថា ការបញ្ចប់សង្គ្រាម និងការរំដោះដីកសិកម្មចេញពីគ្រាប់មីន ការជំរុញគោលនយោបាយលើកទឹកចិត្តផ្សេងៗ ការមិនយកពន្ធដី ការមិនយកពន្ធសម្ភារផ្សេងៗ ក្នុងវិស័យកសិកម្ម និងការជួយអនុគ្រោះលើកទឹកចិត្ត ជាច្រើនរបស់រាជរដ្ឋាភិបាល បានដាក់ចេញគឺបានផលល្អ។


ការថ្លែងនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។


នាគ្រានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរជាមួយប្រជាកសិករ ដែលតម្លៃស្រូវនាឆ្នាំនេះ មានតម្លៃល្អ បើប្រៀបធៀបនឹងឆ្នាំមុន។ តម្លៃស្រូវឆ្នាំនេះ មានតម្លៃចាប់ពី ១ពាន់ ទៅ ១ពាន់៣០០រៀល ក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុន មានតម្លៃត្រឹមតែ ៨០០ ទៅ ១ពាន់រៀលតែប៉ុណ្ណោះ។


«ឆ្នាំនេះផងដែរ ខ្ញុំក៏សូមអបអរសាទរដល់ប្រជាកសិកររបស់យើង ដោយសារ ស្រូវឆ្នាំនេះតម្លៃល្អ បើប្រៀបធៀបពីឆ្នាំទៅ។ តាមរបាយការណ៍ដូចមួយគីឡូពី ១ពាន់ ទៅ ១ពាន់៣០០រៀល បើយើងប្រៀបធៀបពីមុនដូច ៨០០ ទៅ ១ពាន់រៀល ហើយគូបផ្សំនឹងការធ្លាក់ចុះ ថយចុះនៃតម្លៃវត្ថុធាតុដើមមួយចំនួន ដូចជាជី ដូចជាថ្នាំកសិកម្មមួយចំនួន»៕