សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មសង្វាតរកទីផ្សារនាំចេញថ្មីៗទៀតជូនកសិករ

អត្ថបទ៖ វឿន សាវុធ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងពាណិជ្ជកម្ម ត្រូវសង្វាតរកទីផ្សារនាំចេញថ្មីៗ ថែមទៀតជូនកសិករ។
ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទី៥និងទី៦ ដែលផ្តោតលើវិស័យកសិកម្មនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថាក្រសួងស្ថាប័នពាក់ព័ន្ធត្រូវច្បាមរកទីផ្សារថ្មីៗថែមទៀតជូនដល់កសិករ និងផលិតផលដទៃទៀត ដែលកន្លងមករាជរដ្ឋាភិបាលបានតួនាទីជាអ្នកតម្រង់ទិសសម្របសម្រួល និងដើរតួជាអ្នកចរចាយ៉ាងសកម្មដើម្បីរក ទីផ្សារថ្មីជាមួយនឹងបណ្តាប្រទេសជាមិត្តដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា។
សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលគឺធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ទីផ្សារសេរី។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវឲ្យក្រុមឈ្មួញវិស័យកសិកម្ម កុំប្រកួតប្រជែងគ្នាឯង រហូតបាត់បង់លទ្ធភាពជាមួយអ្នកខាងក្រៅ ប៉ុន្ដែគ្រប់ផ្នែកពាក់ព័ន្ធសត្រូវសហការគ្នាចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងរបស់កម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។
«រាជរដ្ឋាភិបាលមិនមែនចេះតែអន្តរាគមន៍គ្រប់រឿងបាននោះទេ ព្រោះប៉ះពាល់ដល់ច្បាប់នៃការប្រកួតប្រជែងក្នុងទីផ្សារសេរី»។ នេះជាការថ្លែងបញ្ជាក់របស់សម្ដេចធិបតី។
ទន្ទឹមនឹងនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ណែនាំដល់ក្រុមឈ្មួញទាំងអស់ត្រូវបង្កើនការផលិត និងពង្រឹងច្រវាក់ផលិតកម្មក្នុងប្រទេសឲ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីបញ្ចៀសការនាំចេញវត្ថុធាតុដើម ដែលបម្រើឲ្យការផលិតនៅក្រៅប្រទេសនោះ៕













