សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អតិផរណាទំនិញ គឺជារឿងសំខាន់ ខណៈសម្ដេចតាមដានរៀងរាល់ថ្ងៃ, រដ្ឋតែងតែគិតពីតុល្យភាពរវាងអ្នកផលិត និងអ្នកប្រើប្រាស់
អត្ថបទ៖ វឿន សាវុធ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ចំពោះអតិផរណា នៃតម្លៃទំនិញ គឺជារឿងសំខាន់ណាស់ ដោយតម្លៃ សម្ដេចបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវតែធ្វើការរាយការណ៍ ជូនសម្តេចជារៀងរាល់ថ្ងៃ ថាឡើង ឬចុះយ៉ាងដូចម្តេច!?
ជាមួយគ្នានេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែគិតពីតុល្យភាពរវាងអ្នកប្រើប្រាស់ និងអ្នកផលិត ចំពោះការផលិតកម្មកសិកម្ម នៅក្នុងប្រទេស។
ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទី៥និងទី៦ ដែលផ្តោត លើ វិស័យកសិកម្មនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី បានថ្លែងថា នៅពេលតម្លៃស្រូវមានតម្លៃ ហើយផ្គួបផ្សំ នៃតម្លៃវត្ថុធាតុ ដើមធ្លាក់ចុះដូចជា ជី ថ្នាំកសិកម្ម មួយចំនួននោះ ដូច្នេះគឺធ្វើឲ្យកសិកររកចំណូលបាន។
«អ៊ីចឹង រាជរដ្ឋាភិបាលតែងតែគិតពីតុល្យភាពរវាងអ្នកប្រើប្រាស់ និងអ្នកផលិត។ បើអ្នកផលិតតម្លៃខ្ពស់ល្អហើយ ប៉ុន្តែនៅពេលលក់អ្នកប្រើប្រាស់ ថាថ្លៃក៏មិនកើត។ អ៊ីចឹងត្រូវគិតពីអតិផរណា អ៊ីចឹងយើងត្រូវគិតពីគម្លាតថា ផលទី១ ចូលទៅកសិករឲ្យបានច្រើន។ និងទី២ រក្សាលំនឹងតម្លៃនៅក្នុងទីផ្សារ សម្រាប់ផលិតផល»។ នេះជាប្រសាសន៍របស់សម្ដេចធិបតី។
សម្ដេចធិបតី បានបន្ថែមថា វាមិនសំខាន់លើកតម្លៃលក់នោះទេ ប៉ុន្តែវាសំខាន់ថា តើកសិករនៅលក់គ្រប់ ឬទេ?។
ជាមួយគ្នានេះ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ ក្នុងការដាក់ចេញ នូវគោលនយោបាយអនុគ្រោះ គឺធ្វើយ៉ាងណាកាត់បន្ថយតម្លៃ ដើម្បីមានការប្រកួតប្រជែងហើយ រក្សាតម្លៃ។
«បើសិនតម្លៃលក់ កាន់តែច្រើន ចំណូលកាន់តែច្រើន ហើយតម្លៃទាបក្នុងការផលិតរួមនឹងការខិតខំក្នុងការកាត់បន្ថយ តម្លៃដឹកជញ្ជូនរបស់យើង ខ្ញុំគិតថា អាចធ្វើឲ្យតម្លៃកសិផលរបស់យើង កាន់តែប្រកួតប្រជែង នឹងផលទទួលបានលើកសិករ» ។
ទាក់ទងនឹងតម្លៃកសិកម្មនេះដែរ សម្ដេចធិបតី បានលើកឡើងថា ប្រជាកសិករសុទ្ធតែចង់បានតម្លៃអង្ករខ្ពស់។ ចំណែកអ្នកហូបវិញ ថាកុំឲ្យថ្លៃពេក ដូច្នេះតុល្យភាពនេះរាជរដ្ឋាភិបាលបានខិតខំណាស់ក្នុងការធ្វើឲ្យមានការធានាឲ្យមានតុល្យភាពគ្នា។
ទនឹ្ទមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា បើសិនប្រាក់ខែកម្មករ មន្ត្រីរាជការឡើង តែបើទំនិញឡើងថ្លៃទៀត គឺដដែល ដូច្នេះសុខចិត្តកុំឡើងល្អជាង ដោយទុកឲ្យនៅដដែល៕