សង្គម

មន្ត្រីសុខាភិបាល ព្រមានចាត់វិធានការច្បាប់ លើការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលឱសថដោយគ្មានច្បាប់អនុញ្ញាត

image


កំពត៖ លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា អនុប្រធានទី២ ក្រុមប្រឹក្សាគណៈឱសថការីជាតិ បានណែនាំឱ្យបញ្ឍប់រាល់ការផ្សាព្វផ្សាយពាណិជ្ជកម្មផលិតឱសថ (ពិសេសអាហារបំប៉នសុខភាពផ្សេងៗ) តាមគ្រប់មធ្យោបាយផ្សព្វផ្សាយ ដោយគ្មានច្បាប់អនុញ្ញាត បើមិនដូចនេះទេក្រសួងនឹងចាត់វិធានការច្បាប់រាល់ការងារល្មើសទាំងឡាយ ដោយគ្មានការអត់ឱន ឬការណែនាំអប់រំដូចមុនទេ។


លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា បានណែនាំដូចនេះក្នុងកម្មវិធីផ្សព្វផ្សាយដែនកំណត់វិជ្ជាជីវៈឱសថការី និងនិយាមឱសថការី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកបានលើកឡើងថា វិស័យឱសថសាស្ត្រ ការប្រកបវិជ្ជាជិវៈឱសថក្នុងខេត្តកំពត-កែប មានភាពល្អប្រសើរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សមាជិកគណៈឱសថការីទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើបទដ្ឋានគតិយុត្តិ នៃច្បាប់ឱ្យច្រើន ពិសេសដែនកំណត់វិជ្ជាជីវៈឱសថការី និងនិយាមឱសថ។


លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា បញ្ហាក្តៅ និងរសើបនាពេលបច្ចុប្បន្ន គឺការផ្សាព្វផ្សាយពាណិជ្ជកម្មផលិតផលឱសថ(ពិសេសអាហារបំប៉នសុខភាព) តាមអំពើចិត្ត ហួសពីព្រំដែននៃច្បាប់បានកំណត់។ ក្នុងនាមក្រុមប្រឹក្សាឱសថការីជាតិ ហាមដាច់ខាតចំពោះការផ្សព្វផ្សាយផលិតផលឱសថគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតតាមផ្លូវច្បាប់ បើមិនដូចនេះទេ ក្រសួងសុខាភិបាលនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនមានការលើកលែង ឬណែនាំអប់រំដូចមុននោះឡើយ។


យោងតាមរបាយការណ៍របស់ លោក លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាល ខេត្តកំពត និងជាប្រធានគណៈឱសថការីខេត្តកំពត-កែប បានឱ្យដឹងថា សមាជិកគណៈឱសថការី នៅទូទាំងខេត្តកំពត-កែប មានចំនួនសរុប ៨៦រូប ហើយខេត្តកំពត-កែប មានឱសថស្ថានចំនួន ៥៧កន្លែង ឱសថស្ថានរងក ចំនួន ៩កន្លែង ឱសថស្ថានរងខ ចំនួន ៥កន្លែង ឱសថស្ថានបុរាណចំនួន ៣កន្លែង៕
ដោយ៖ វង្ស សុធារម្យ