រដ្ឋមន្ត្រីកិច្ចការនារី៖ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសទាំង១០ ក្នុងពិភពលោក ដែលបានសម្រេចគោលដៅអភិវឌ្ឍសហស្សវត្សរ៍ លើសុខភាពមាតា

ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា មកដល់បច្ចុប្បន្ននេះ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន និងដៃគូ ពាក់ព័ន្ធជាតិ-អន្តរជាតិ, កម្ពុជា ទទួលបាននូវវឌ្ឍនភាពទាក់ទងនឹងការអនុវត្តសិទ្ធិ និងលើក កម្ពស់តួនាទីស្ត្រី គួរឱ្យកត់សម្គាល់។
ថ្លែងក្នុងពិធីបើកវេទិកាជាតិ ស្តីពីស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ក្រោមប្រធានបទ «ស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេច ក្នុងវិស័យនយោបាយ និងសាធារណៈ», លោកស្រីកិត្តិបណ្ឌិត បានបញ្ជាក់ថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសទាំង១០ ក្នុងពិភពលោក ដែលបានសម្រេចគោលដៅអភិវឌ្ឍសហស្សវត្សរ៍ លើសុខភាពមាតា។ ដែលក្នុងនោះ អត្រាមរណភាពមាតា បានធ្លាក់ចុះពី៤៧២ ក្នុងឆ្នាំ២០០៥ ដល់១៥៤ ក្នុងចំណោម១០០.០០០ (១សែន) កំណើតរស់នៅឆ្នាំ២០២២។
ជាមួយគ្នានោះ កម្ពុជា ឆ្ពោះទៅសម្រេចបានសមភាពយេនឌ័រ ក្នុងការអប់រំកម្រិតបឋម និងមធ្យមសិក្សា។ សិស្សនិងនិស្សិតនារី ដែលកំពុងសិក្សានៅថ្នាក់ឧត្តមសិក្សា មានចំនួន៤៩.៧%។
លោកស្រី អ៊ឹង កន្ថាផាវី បានបន្ថែមថា យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២ កម្ពុជា មានលំដាប់លេខ៤១ ក្នុងចំណោម១៤៦ប្រទេស ដែលស្ត្រីចូលរួមយ៉ាងសកម្ម នៅក្នុងវិស័យសេដ្ឋកិច្ច។ កម្លាំងពលកម្មស្ត្រី មាន៨៤% និង៦១% ជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយស្ត្រី នៅតាមសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលនេះជាអត្រាខ្ពស់នៅក្នុងតំបន់។
រដ្ឋមន្ត្រីកិច្ចការនារី មានប្រសាសន៍ដែរថា អត្រាប្រេវ៉ាឡង់ នៃអំពើហិង្សាលើស្ត្រី ពីសំណាក់ដៃគូស្និទ្ធស្នាល ក្នុងមួយជីវិត មានការថយចុះពី ២៩% នៅឆ្នាំ២០១៤ មក២១% នៅឆ្នាំ២០២១។
ដោយឡែក នៅក្នុងវិស័យសាធារណៈ និងនយោបាយ, បច្ចុប្បន្ន កម្ពុជាមានស្ត្រី ជាប្រធានរដ្ឋសភា, ស្ត្រី១៧រូប ជាសមាជិការដ្ឋសភា និង២រូប ជាប្រធានគណៈកម្មការជំនាញ។ ស្ត្រី
ជាអគ្គទេសាភិបាលធនាគារជាតិ, ស្ត្រី ជាអគ្គសវនករជាតិ, ស្ត្រី ជារដ្ឋមន្ត្រី៣រូប, មន្ត្រីជាស្ត្រី មាន៤២% និង២៧% មានតួនាទីនៅក្នុងថ្នាក់ធ្វើសេចក្តីសម្រេច, ស្ត្រីជាអភិបាលខេត្ត២រូប, ស្ត្រីជាអភិបាលក្រុង ស្រុក ខណ្ឌ ៦រូប និងស្ត្រីជាមេឃុំ-ចៅសង្កាត់ ១៧៦រូប។
លោកស្រីកិច្ចការនារី បានបញ្ជាក់ថា ស្ត្រីកម្ពុជា ត្រូវបានផ្តល់តម្លៃនិងទទួលស្គាល់ នៅសហគមន៍អន្តរជាតិ សម្រាប់ការចូលរួមថែរក្សាសុខសុវត្ថិភាពនិងសន្តិភាព កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាន និងទី១៣ ក្នុងចំណោម១២០ប្រទេស ដែលបានបញ្ជូនទាហានជាស្ត្រី ក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។
សូមជម្រាបថា វេទិកាជាតិ ស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច គឺជាព្រឹត្តិការណ៍ជាតិប្រចាំឆ្នាំ ដោយបានចាប់ផ្ដើមរៀបចំឡើងកាលពីឆ្នាំ២០២២ ដែលមានការចូលរួមពីស្ត្រីជាថ្នាក់ដឹកនាំ នៅគ្រប់កម្រិត និងដៃគូពាក់ព័ន្ធ ដើម្បីពិភាក្សា និងចែករំលែកមេរៀនបទពិសោធន៍ និងកំណត់រកកាលានុវត្តភាពនានា ក្នុងការរួមចំណែកលើកកម្ពស់តួនាទីស្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច។ ព្រឹត្តិការណ៍នេះ ជាយុទ្ធនាការស្វែងរកការគាំទ្រ ពីសំណាក់ស្ថាប័ន និង ដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងដើម្បីពង្រឹងបណ្ដាញស្ត្រី ជាអ្នកដឹកនាំ, បណ្តុះសន្ទុះចិត្ត (Inspire) ដល់ស្ត្រីនិងក្មេងស្រី ឱ្យចូលរួមប្រកបដោយសក្តានុពល និងពេញ លេញនៅក្នុងភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត៕
អត្ថបទ៖ សន ពិសិដ្ឋ







