សន្តិសុខសង្គម

ចាប់ខ្លួនជនបរទេស ២នាក់ ក្រោយប្លន់ជនជាតិប៉ាគីស្ថានយកទ្រព្យសម្បត្តិ នៅខេត្តកំពត

image


កំពត៖ កម្លាំងនគរបាលចំណុះនៃស្នងការដ្ឋានខេត្តកំពត នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សហការជាមួយសមត្ថកិច្ច នៃស្នងការដ្ឋានខេត្តកែប បានតាមឃាត់ខ្លួនជនបរទេស ២នាក់ ពាក់ព័ន្ធករណីប្លន់ ដែលប្រព្រឹត្តឡើងក្នុងភូមិសាស្ត្រស្រុកទឹកឈូ ខេត្តកំពត។
លោក សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ បានឱ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា មានជនបរទេស ៣នាក់ បានប្លន់យកទូរសព្ទដៃ និងលុយពីជនបរទេសដូចគ្នា ស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ។ ជនរងគ្រោះឈ្មោះ ចាវដារី ហ្វាហាដ (CHAUDHARY FAHAD) ភេទប្រុស អាយុ ២៨ឆ្នាំ សញ្ជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខ CX4194982។


មុនកើតហេតុ ជនរងគ្រោះបានជិះរថយន្តម៉ាកហាយឡែនឌើ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AZ.9132 តែម្នាក់ឯងតាមផ្លូវជាតិលេខ៣៣ ហើយក៏ចូលចាក់សាំងនៅស្ថានីយប្រេងឥន្ធន:តេលា ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ។ ខណ:ពេលបម្រុងបន្តដំណើរទៅខេត្តកែប ស្រាប់តែមានជនសង្ស័យ ៣នាក់ ជិះរថយន្តម៉ាក HAWTAI A25 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BF-5495 មកឈប់ពាំងពីមុខ រួចហៅជនរងគ្រោះឱ្យចុះ។ ពេលនោះជនសង្ស័យម្នាក់បានលើកដៃចង់ដាល់ និងគំរាមរកសម្លាប់ ហើយនាំគ្នាលូកយកទូរសព្ទដៃម៉ាក Iphone14 មួយគ្រឿង ទូរសព្ទដៃម៉ាក Samsung Galaxy មួយគ្រឿង និងលុយ ១.៥០០ដុល្លារ ពីជនរងគ្រោះ រួចឡើងជិះរថយន្តគេចសំដៅចូលទីរួមខេត្តកំពតយ៉ាងប្រញាប់ប្រញាល់បំផុត។


លោក សូ ប៊ុនធឿន បានបន្តថា ក្នុងចំណោមជនសង្ស័យទាំងនោះ ជនរងគ្រោះធ្លាប់ស្គាល់ម្នាក់ឈ្មោះ អាបបាស អាមយ៉ាដ (ABBAS AMJAD) ភេទប្រុស ស្នាក់នៅខេត្តកែប។ ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកទឹកឈូ និងកម្លាំងផែនការងារអន្តោប្រវេសន៍ រួមទាំងសមត្ថកិច្ចផែនការងារព្រហ្មទណ្ឌខេត្តកំពត សហការជាមួយនគរបាល នៃស្នងការដ្ឋានខេត្តបានតាមដានស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យបាន ២នាក់ នៅម៉ោង ១០ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ពេលពួកគេកំពុងស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប។


ជនសង្ស័យទាំង ២នាក់ រួមមាន ឈ្មោះ អាបបាស អាមយ៉ាដ (ABBAS AMJAD) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខBK1015215។ ឈ្មោះ តាល់វីនឌើ ស៊ីញ (TALWINDER SINGH) ភេទប្រុសអាយុ ៣៤ឆ្មាំ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែនលេV8502343។ សម្ភារដែលសមត្ថកិច្ចដកហូតបាន រួមមាន រថយន្ត១គ្រឿង ម៉ាក HAWTAI A25 ពាក់ស្លាកលេខភ្នំពេញ2BF-5495, ទូរសព្ទម៉ាក Iphone14មួយគ្រឿង និងទូរសព្ទម៉ាក Samsung Galaxy មួយគ្រឿង៕
អត្ថប៖ វង្ស សុធារម្យ