សេដ្ឋកិច្ច

ព្រឹត្តិការណ៍ប្រណាំងទូកនៅខេត្តគពង់ស្ពឺ ទទួលបានភ្ញៀវទេសចរណ៍ជាង ៤១ម៉ឺននាក់

image


កំពង់ស្ពឺ៖ ក្នុងព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ស្ពឺរយៈពេល២ថ្ងៃ គឺថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងស្ទឹងព្រែកត្នោត មានអ្នកទស្សនារហូតដល់ជាង៤១ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ភ្ញៀវទេសចរទស្សនាពិធីប្រណាំងទូក ដែលប្រព្រឹត្តិទៅនៅក្នុងស្ទឹងព្រែកត្នោតរយ:ពេល២ថ្ងៃនេះ សរុប ៤១៥,៨៦៣នាក់។ បើធៀបនឹងឆ្នាំ២០២២មានត្រឹមតែចំនួន ២៣៣,១៥៧នាក់ប៉ុណ្ណោះ កើនឡើង ៧៨,៣៦%។ ក្នុងចំណោមភ្ញៀវទាំង ៤១៥,៨៦៣នាក់ មានភ្ញៀវជាតិ ៤១៤,១៨១នាក់ ធៀបនឹងឆ្នាំ២០២២ មានចំនួន ២៣២,១២០នាក់ កើនឡើង៧៨,៤៣% និងភ្ញៀវអន្តរជាតិ ១,៦៨២នាក់ ធៀបនឹងឆ្នាំ២០២២ ចំនួន ១,០៣៧នាក់ កើនឡើង ៦២,១៩%។

សន្ទុះភ្ញៀវទេសចរមកលេងកម្សាន្តយ៉ាងច្រើននេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលលេងកម្សាន្តក្នុងឱកាសប្រារព្ធពិធី ពោរពេញស្នាមញញឹម ការលក់ដូររបស់អាជីវករមិនមានការតំឡើងថ្លៃលើម្ហូបអារហារ ឬកន្លែងស្នាក់នៅ ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរណ៍នោះទេ។ សភាពការណ៍ទូទៅក៏ប្រព្រឹត្តទៅជាធម្មតាដោយពុំមានបាតុភាពអ្វីកើតឡើងគួរឱ្យកត់សំគាល់ឡើយ៕

អត្ថបទ៖ ប៊ុត សារុន