កីឡា

Erling Haaland ទំនងជាអាចលេងទល់នឹង Liverpool ទោះអវត្តមានសម្រាប់ន័រវែស

image


Erling Haaland ប្រហែលជាអាចលេងទល់នឹង Liverpool នៅក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី១៣ ដោយរបួសរបស់ខ្សែប្រយុទ្ធ Manchester City មិនត្រូវបានចាត់ទុកថាធ្ងន់ធ្ងរនោះទេ។

កីឡាករសញ្ជាតិន័រវែសរូបនេះ បានគ្រេចកជើងអំឡុងពេលការទទួលជ័យជម្នះក្នុងការប្រកួតមិត្តភាពក្នុងលទ្ធផល ២-០ លើក្រុម Faroe Islands កាលពីសប្ដាហ៍មុន ដោយបានបង្កឱ្យមានការព្រួយបារម្ភថារូបគេនឹងអវត្តមានពីការប្រកួត Premier League ដ៏ធំនាពេលខាងមុខ។

ក្រុមន័រវែស បានបរាជ័យក្នុងការចូលរួមពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបនៅឆ្នាំក្រោយ បន្ទាប់ពីអ៊ីស្រាអែល បានបរាជ័យក្នុងការផ្តួលរូម៉ានី កាលពីចុងសប្តាហ៍មុន ខណៈ Haaland មិនបានចូលរួមនៅក្នុងការប្រកួតទល់នឹងក្រុមស្កុតឡែន ដែលទទួលបានលទ្ធផលស្មើគ្នា ៣-៣។

ខ្សែប្រយុទ្ធរបស់ក្រុម Man City បានពន្យល់ថាគាត់នឹងប្រើពេលសម្រាកដើម្បីទទួលបានការព្យាបាល។ ទោះជាយ៉ាងណា របួសចុងក្រោយរបស់ Haaland ត្រូវបានគេគិតថាជារបួសស្រាល។

Haaland កំពុងនាំមុខគេក្នុងតារាងអ្នកស៊ុតបញ្ចូលទីនៅ Premier League សម្រាប់រដូវកាលទីពីរជាប់ៗគ្នា ជាមួយនឹងគ្រាប់បាល់ ១៣ គ្រាប់ក្នុង ១២ ប្រកួត។ ទោះជាយ៉ាងណា City មានការអវត្តមានរបស់ Mateo Kovacic, John Stones, និង Kevin de Bruyne ដោយសាររបួស។

Ederson, Matheus Nunes និង Nathan Ake ត្រូវបានលើកលែងសម្រាប់កាតព្វកិច្ចអន្តរជាតិ ស្របពេលដែល Rodri មិនបានចូលរួមក្នុងការប្រកួតដែលអេស្ប៉ាញឈ្នះលើសាយប្រឺស ដោយសារបញ្ហាសុខភាព។

សម្រាប់បងប្អូនរស់នៅក្នុងប្រទេសកម្ពុជា អាចទស្សនាការប្រកួតរវាង Manchester City និង Liverpool នៅលើកញ្ចក់ទូរទស្សន៍ CNC នាថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ចាប់ពីម៉ោង ៧:២៥ នាទីយប់តទៅ៕